ទិវារត់ប្រណាំងម៉ារ៉ាតុងអង្គរ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា

ភ្នំពេញ៖ លោកវ៉ាត់ ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអង្គរ គឺជាទិវាកីឡាទេសចរណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ខណៈដែលព្រឹត្តិការណ៍នេះតែងតែមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនពាន់នាក់ពោលគឺមានការកើនឡើងជារៀងរាល់ឆ្នាំ ។ សម្រាប់ឆ្នាំទី៤ នេះវិញ ក៏ចាប់ផ្តើមបើកទទួលចុះឈ្មោះចូលរួមហើយដែរ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍អន្តរជាតិមួយនេះនឹងបានក្លាយជាប្រយោជន៍ថ្មីមួយបន្ថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងកីឡាករ-កីឡាការិនីនានា ក្នុងការស្វែងរកថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារចំនួន២ នៅខេត្តសៀមរាប និងកាកបាទក្រហមកម្ពុជា ជាពិសេសគឺបានបំផុសស្មារតីដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការការពារបរិស្ថាន និងការពារបេតិកភណ្ឌពិភពលោកទៀតផង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងម៉ារ៉ាតុងលើកទី៤ ឆ្នាំ២០១៧ គ្រោងនឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី៧ ខែសីហា នាពេលខាងមុខនេះ ដោយមកដល់ពេលនេះមានភ្ញៀវទេសចរណ៍ជាង ១០០០នាក់ បានចុះឈ្មោះរួចរាល់ជាស្រេច ។ កាលពីឆ្នាំ២០១៦ កន្លងទៅមានអត្តពលិកចូលរួមចំនួនជាង ៣០០០នាក់ ក្នុងនោះមានជាង ១០០០នាក់ ជាបរទេសដែលមកពីជាង ៥០ ប្រទេសលើពិភពលោក ។ សម្រាប់ឆ្នាំនេះ គណៈកម្មការរៀបចំការប្រកួតរំពឹងថានឹងកើតឡើងរហូតទៅដល់ ៥០០០នាក់សម្រាប់ហើយសម្រាប់តម្លៃនៃការចុះឈ្មោះបង់សិទ្ធិចួលរួមប្រកួតវិញ គឺលើប្រភេទវិញ្ញាសាម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្រ ត្រូវបង់សិទ្ធិចំនួន ៦០ ទៅ ៦៥ ដុល្លារ សម្រាប់ជនបរទេស និង ២០ដុល្លារសម្រាប់ជនកម្ពុជា ខណៈវិញ្ញាសា ពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ មានតម្លៃ ៤៥ដុល្លារ ដល់៥៥ដុល្លា សម្រាប់ជនបរទេស និង១៥ដុល្លារ សម្រាប់ជនជាតិខ្មែរ។

រត់១០គីឡូម៉ែត្រ តម្រូវឲ្យបង់ថ្លៃចំនួន ៤០ ឬ ៥០ដុល្លារ សម្រាបអត្តពលិកអន្តរជាតិ និង ១២ដុល្លារសម្រាប់អត្តពលិកសញ្ជាតិខ្មែរ ចំណែកឯ វិញ្ញាសារត់កម្សាន្ត ៥គីឡូម៉ែត្រ សម្រាប់ជនបរទេស ពី២០ដុល្លារ ដល់៣០ដុល្លារ អាស្រ័យការចុះឈ្មោះលឿន ឬកៀកថ្ងៃប្រកួត ហើយវិញ្ញាសានេះអត្តពលិកកម្ពុជា ត្រូវបង់ថ្លៃត្រឹម៥ដុល្លារប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា សម្រាប់មហាជនទាំងជាតិ និងអន្តរជាតិ ដែលមានបំណងចង់ចូលរួមរត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៤ ប្រចាំ ឆ្នាំ២០១៧នេះអាចចុះឈ្មោះបានចាប់ពីពេលនេះតទៅដោយអាចចុះឈ្មោះដោយផ្ទាល់នៅ ២ទីតាំង គឺ នៅទីស្នាក់ការ ផ្ទះលេខ 79C ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងនៅខេត្តសៀមរាប នៅសណ្ឋាគារអប្សរាអង្គររីសត (Apsara Angkor Resort) ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ