គ្រូភ្នំពេញក្រោនថា ជួបបឹងកេតជារឿងពិបាក ប៉ុន្តែប៉ះការពារជាតិសប្តាហ៍នេះកាន់តែមិនងាយ!

ភ្នំពេញ៖ បន្ទាប់ពីដណ្តើមបានជ័យជម្នះ ៤-០ លើក្រុមបឹងកេតក្នុងទឹកដីខ្លួនឯងកាលពីសប្តាហ៍មុនរួចមក គ្រូបង្វឹកក្រុមភ្នំពេញក្រោនបានលើកឡើងថា កូនក្រុមរបស់លោកនឹងត្រូវធ្វើជួបប្រទះនូវឧបសគ្គដ៏ធំមួយទៀតនាចុងសប្តាហ៍នេះ ខណៈដែលគូប្រកួតរបស់ខ្លួនគឺជាក្រុមខ្លាំងមួយដែលកំពុងតែស្ថិតនៅលំដាប់ខាងលើនៃតារាងពិន្ទុលីគកំពូលកម្ពុជាផងដែរ ។

លោក Oleg Starynskyi បានលើកឡើងនូវមតិយោបល់ខ្លះៗអំពីការប្រកួតជាមួយក្រុមបឹងកេតថា៖ «យើងគ្រប់គ្នាបានដឹងរួចជាស្រេចថាវាជាការប្រកួតមួយដ៏លំបាក ដូច្នេះការទទួលបានពិន្ទុបន្ថែមគឺពិតជាសមិទ្ធផលមួយដ៏មានតម្លៃ! ហើយអ្វីដែលសំខាន់នោះគឹ យើងទាំងអស់គ្នាដឹងថា ការមានឆន្ទៈដ៏រឹងមាំមួយមិនទាន់គ្រប់គ្រាន់ទេ ពោលគឺយើងត្រូវការលើសពីនេះហើយយើងក៏អាចសម្រេចវាបានមែន យ៉ាងណាក៏ដោយក្រុមរបស់យើងនៅតែត្រូវពង្រឹងបន្ថែមទៀត បើទោះបីជាកីឡាករទាំងអស់ធ្វើបានល្អ និងព្យាយាមយ៉ាងស្វិតស្វាញក៏ដោយ ។»


លោកបានបន្ថែមថា៖ «ខ្ញុំអាចនិយាយបានថា ក្រុមរបស់យើងមានការត្រៀមខ្លួនបាន ១០០% សម្រាប់ការប្រកួតជាមួយបឹងកេត ប៉ុន្តែក្នុងការប្រកួតបន្ទាប់គឺវាអាស្រ័យលើឆន្ទៈ និងថាមពលរបស់សមាជិកក្រុមទាំងមូល ។ ខ្ញុំដឹងយ៉ាងច្បាស់ថា ក្នុងជំនួបជាមួយក្រុមការពារជាតិ គឺពិតជាមិនងាយស្រួលឡើយ ព្រោះពួកគេមានកាយសម្បទារឹងមាំ មានល្បឿនលឿន មានវិន័យត្រឹមត្រូវ និងមានការរៀបចំបានល្អ ប៉ុន្តែខ្ញុំជឿជាក់ថា ទំនុកចិត្ត និងថាមពល នឹងធ្វើឲ្យយើងទទួលបានលទ្ធផលល្អ ហើយយើងនឹងប្រឹងប្រែងប្រយុទ្ធឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានពិន្ទុបន្ថែមទៀត ។»

សូមបញ្ជាក់ថា ក្រុមខ្លាំងការពារជាតិ នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួន (ស្តាតចាស់) ដើម្បីទទួលក្រុមភ្ញៀវភ្នំពេញក្រោននាវេលាម៉ោង ៦ល្ងាចថ្ងៃទី៦ ខែឧសភា ចុងសប្តាហ៍នេះ ។ ការប្រកួតដ៏សំខាន់នេះគឺជាជំនួបដ៏កក្រើកមួយខណៈដែលក្រុមទាំងពីរស្ថិតនៅចំណាត់ថ្នាក់ខុសគ្នាតែមួយលេខប៉ុណ្ណោះ ពោលគឺការពារជាតិកំពុងឈរនៅលេខ២ ចំណែកភ្នំពេញនៅចំណាត់ថ្នាក់លេខ ៣ គិតត្រឹមសប្តាហ៍ទី៩ នៃលីគកំពូលកម្ពុជាឆ្នាំ២០១៧ ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ