សូហ្វតេន្នីស ខកខានប្រកួតជើងឯក ក្រោយសហព័ន្ធវាយកូនបាល់មិនអនុញ្ញាត្តឱ្យចូលទីលាន!

ភ្នំពេញ៖ ភាពចម្រូងចម្រាសនេះបានកើតឡើងនៅពេលដែលសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាបានស្នើទៅក្រសួងអប់រំយុវជន និងកីឡា ដើម្បីសុំខ្ចីទីលានរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាធ្វើការប្រកួតបណ្ដោះអាសន្នសិន ព្រោះទីលានប្រកួតរបស់ប្រភេទកីឡាសូហ្វតេន្នីសកម្ពុជាដែលចំណាយទឹកប្រាក់ជិត ២០ម៉ឺនដុល្លារនោះមិនទាន់រួចរាល់នៅឡើយ ។ ការដេញមិនឲ្យអត្តពលិកកីឡាសូហ្វតេន្នីសកម្ពុជាចេញមិនឱ្យចូលទីលាននោះបានកើតឡើងកាលពីព្រឹកថ្ងៃទី១ ខែឧសភាម្សិលមិញនេះ ។

  លោក យី សារិន គ្រូបង្វឹកក្រុមកីឡាសូហ្វតេន្នីសជម្រើសជាតិកម្ពុជាបានបញ្ជាក់ថា ការប្រកួតកីឡាសូហ្វតេន្នីសជើងឯកថ្នាក់ជាតិ ដែលគ្រោងធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែឧសហភានេះ ត្រូវបានខកខានជាបណ្ដោះអាសន្ន និងរង់ចាំដំណោះស្រាយពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអគ្គនាយកដ្ឋានកីឡា បន្ទាប់ពីមានបញ្ហារឿងទីលានជាមួយក្រុមកីឡាវាយកូនបាល់កម្ពុជា (Tennis) ដែលសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានស្នើរក្រសួងអប់រំ ដើម្បីរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ចាប់ពីថ្ងៃទី០១-០៥ ខែឧសភា ឆ្នាំ២០១៧នេះ ។ ប៉ុន្ដែលុះដល់ថ្ងៃកំណត់ប្រកួតនាព្រឹកថ្ងៃទី១នេះ បែរជាក្រុមកីឡាវាយកូនបាល់កំពុងហ្វឹកហាត់លើទីលានខ្លួន ដោយមិនអនុញ្ញាតឲ្យក្រុមកីឡាសូហ្វតេន្នីសរៀបចំការប្រកួតតាមគម្រោងរបស់ខ្លួនទៅវិញ បើទោះបីក្រុមកីឡាករ- កីឡាការិនីទូទាំងប្រទេសមកជុំគ្នាក៏ដោយ ។

ទាក់ទងនឹងបញ្ហាគ្រូបង្វឹកជម្រើសជាតិនៃក្រុមកីឡាវាយកូនបាល់កម្ពុជា លោក ជា ពៅ បានឲ្យដឹងដែរថា ខ្លួនមិនប្រឆាំងនឹងកម្មវិធី ឬសេចក្ដីសម្រេចរបស់ក្រសួងអប់រំនោះទេ ប៉ុន្ដែព័ត៌មានខ្លួនទទួលបាន គឺកីឡាសូហ្វតេន្នីសយកទីលានកីឡាវាយកូនបាល់រៀបចំជើងឯកថ្នាក់ជាតិ គឺខ្លីពេក ពោលគឺទទួលបានកាលពីម្សិលមិញ ។ ខណៈសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានអញ្ជើញគ្រូបង្វឹកលំដាប់ពិភពលោកមកពីបារាំង ដើម្បីបង្ហាត់ដល់ក្រុមយុវជន និងក្រុមកីឡាករត្រៀមស៊ីហ្គេម ឆ្នាំ២០១៧ នាពេលខាងមុខ ក៏ធ្វើដំណើរមកដល់កម្ពុជាកាលពីម្សិលមិញដែរ ។ លោកបន្ដថា ក្រោយទទួលបានព័ត៌មានខាងលើ លោកបានរាយការណ៍ទៅថ្នាក់លើ ដើម្បីដោះស្រាយជាមួយអគ្គនាយកដ្ឋានកីឡា ដែលទទួលបន្ទុកលើការងារនេះ ។ ប៉ុន្ដែលោកបានអះអាងថា កម្មវិធីហ្វឹកហាត់របស់ក្រុមកីឡាវាយកូនបាល់ ជាមួយគ្រូជនជាតិបារាំងនោះ មិនអាចលើកពេលបានឡើយ ព្រោះលោកបានធ្វើដំណើរមកដល់កម្ពុជាទៅហើយ ។ ម្យ៉ាងសហព័ន្ធបានចំណាយថវិកាច្រើនលើការអញ្ជើញគ្រូកម្រិតពិភពលោកនេះ មកបណ្ដុះបណ្ដាលពេញមួយសប្ដាហ៍ដល់ក្រុមកីឡាវាយកូនបាល់កម្ពុជា ។ ដូច្នេះលោកមិនចង់ឲ្យឱកាសដ៏មានតម្លៃនេះ ខកខានចំពោះក្រុមកីឡាករ ដែលកំពុងពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម ក៏ដូចជាដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះឡើយ ។

លោក ជា ពៅ បានបន្ថែមថា ថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានសម្រេចឲ្យសហព័ន្ធកីឡាសូហ្វតេន្នីសប្រើប្រាស់ទីលានកីឡាវាយកូនបាល់នោះ ក្រោយបញ្ចប់កម្មវិធីហ្វឹកហាត់របស់ក្រុមកីឡាវាយកូនបាល់ ពោលគឺចាប់ពីម៉ោង ៦ល្ងាចទៅ កីឡាសូហ្វតេន្នីសអាចបើកភ្លើងរៀបចំការប្រកួតបាន ។ តែបើតាមប្រភពច្បាស់ការពីថ្នាក់ដឹកនាំនាយកដ្ឋានអប់រំកាយ និងកីឡា ក៏លួចបង្ហើបឲ្យដឹងយ៉ាងដូច្នេះផងដែរ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ