អ្នកប្រដាល់សាកលកម្ពុជា ៤រូបនឹងចេញទៅហ្វឹកហាត់នៅកាហ្សាក់ស្ថាននាពាក់កណ្តាលខែនេះ

ភ្នំពេញ៖ អ្នកប្រដាល់សាកលខ្លាំងៗកម្ពុជា ៤រូបនឹងចេញទៅហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថានចាប់ពីពាក់កណ្ដាលខែឧសភានេះរហូតដល់ព្រឹត្តិការណ៍សុីហ្គេមលើកទី២៩ នៅម៉ាឡេស៊ីចាប់ផ្ដើមតែម្ដង ។ លោកប៊ួយ សោភ័ណ្ឌដែលជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាបានប្រាប់ឲ្យដឹងថាលោក បានធ្វើលិខិតស្នើសុំទៅសហព័ន្ធប្រដាល់អន្តរជាតិ (Aiba) ខាងសហព័ន្ធប្រដាល់អន្តរជាតិគេបានព្យាយាមជួយដល់កម្ពុជាហើយទីបំផុតកម្ពុជាត្រូវបានចេញទៅហ្វឹកហាត់នៅសាលាប្រដាល់មួយកម្រិតអន្តរជាតិនាប្រទេសកាហ្សាក់ស្ថានគឺ Aiba World Boxing Academy ។

តាមការគ្រោងទុកពួកគេនឹងចេញដំណើរទៅក្នុងអំឡុងពាក់កណ្ដាលខែឧសភាដោយកម្ពុជាសុំឲ្យគេជួយលើការហូបចុក និងស្នាក់នៅ ចំណែកឯសំបុត្រយន្តហោះវិញសហព័ន្ធសុំទៅក្រសួងអប់រំយុវជន និងកីឡាតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ 

សូមបញ្ជាក់ថា កីឡាករ ៤រូបដែលនឹងត្រូវបញ្ជូនទៅហ្វឹកហាត់រួមមាន៖ កីឡាករ ណាត់ សៀកនិន, កីឡាករ សួន សាមៃ, កីឡាករ វី សុភ័ស្ស និងកីឡាករ សន  ប៊ុនលីស ព្រមទាំងលោកគូ្របង្វឹកមួយរូបគឺលោកវ៉ែន សុផល ។ តាមរយៈនៃការចេញទៅហ្វឹកហាត់នេះគេជឿជាក់ថាសមត្ថភាពអ្នកប្រដាល់កម្ពុជាទាំង ៤រូបនឹងមានការរីកចម្រើនហើយសហព័ន្ធមានជំនឿចិត្តថាពួកគេនឹងអាចដណ្ដើមបានមេដាយនៅក្នុងការប្រកួតកីឡាស៊ីហ្គេមនាខែសីហាខាងមុខនេះជាមិនខាន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ