ខ្សែប្រយុទ្ធកែវ សុខង៉ន៖ ជំនួបរវាងភ្នំពេញក្រោន និងបឹងកេត នៅថ្ងៃស្អែកគឺជាការប្រកួតដ៏ធំក្នុងលីគកម្ពុជា!

ភ្នំពេញ៖ ខណៈដែលការប្រកួតរវាងក្រុមខ្លាំងទាំងពីរគឺភ្នំពេញក្រោន និងបឹងកេតត្រូវចាប់ផ្តើមនាថ្ងៃស្អែកទី២៩ ខែមេសា ហើយនោះ កីឡាករកែវ សុខង៉ន សមាជិកមួយរូបរបស់ក្រុមភ្នំពេញក្រោនបានថ្លែងថា៖ «វាជាជំនួបនៃក្រុមខ្លាំងទាំង ២ ដែលជាក្លឹបដ៏ជោគជ័យ និងឈានមុខនៅក្នុងប្រទេស ហើយវាពិតជាការប្រកួតដ៏ធំសម្រាប់អ្នកគាំទ្រនៃក្លឹបទាំងពីរ គឺដូចគ្នាទៅនឹងជំនួបរបស់ក្រុមធំៗនៅបណ្តាលីគនានាលើពិភពលោកនេះដែរ ។»

ខ្សែប្រយុទ្ធដែលធ្លាប់បានចូលរួមទាំងក្នុងក្លឹបភ្នំពេញក្រោន និងបឹងកេត រូបនេះបានបន្ថែមថា៖ «ថ្ងៃអាទិត្យខាងមុខគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំ ដូច្នេះខ្ញុំចង់ជូនចំណងដៃដ៏ល្អមួយសម្រាប់អ្នកគាំទ្រទាំងអស់នោះគឺ ជ័យជម្នះ! ខ្ញុំជឿជាក់ថា នឹងមានមនុស្សជាច្រើនចូលរួមទស្សនាការប្រកួតនេះ ។» ជាងនេះទៅទៀត រូបគេក៏បានបង្ហាញនូវការប្តេជ្ញាចិត្តថានឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីសម្រេចគោលដៅដ៏ធំមួយនោះគឺ ការជួយឲ្យក្លឹបភ្នំពេញក្រោនដែលកំពុងឈរនៅលំដាប់ទី៤ នៃតារាងចំណាត់ថ្នាក់ បានឈ្នះទាំងពានលីគកំពូល រួមទាំងពានសម្តេចហ៊ុន សែន ផងដែរនារដូវកាលនេះ ។

គួររំលឹកថា កែវ សុខង៉ន គឺជាកីឡាករម្នាក់ដែលធ្លាប់មានបទពិសោធន៍យ៉ាងជោគជាំទាំងនៅក្នុងក្លឹបភ្នំពេញក្រោន និងក្លឹបបឹងកេត ។ ដំបូងឡើយ សុខង៉ន បានរួមរស់ជាមួយភ្នំពេញក្រោន និងបានជួយឲ្យក្លឹបបានឈ្នះពានលីគកំពូលកម្កុជាបាន ២លើក ព្រមទាំងពានសម្តេចតេជោហ៊ុន សែន បាន ២លើកផងដែរ មុននឹងចាកចេញទៅប្រកបអាជីពអស់រយៈពេល ១ឆ្នាំនៅក្លឹប Samut Sakhon ក្នុងប្រទេសថៃ ។ ក្រោយមករូបគេបានវិលត្រលប់មកប្រទេសកម្ពុជាវិញនាឆ្នាំ២០១២ និងបានចូលលេងនៅក្លឹបបឹងកេត ដោយបានជួយឲ្យក្លឹបថ្មីនេះបានឈ្នះពានលីគកំពូលកម្ពុជាជាលើកដំបូងផងដែរ ។

យ៉ាងណាក៏ដោយ កីឡាកររូបនេះបានវិលមកចូលរួមជាមួយក្លឹបភ្នំពេញក្រោនសារជាថ្មីក្នុងឆ្នាំ២០១៥ និងបានរួមចំណែកជួយឲ្យក្លឹបបានឈ្នះពានលីគកំពូលម្តងទៀត ដែលជាជ័យជម្នះលើកទី៤ សម្រាប់រូបគេ ។ គិតមកដល់ពេលនេះកីឡាករកែវ សុខង៉ន បានឈ្នះពានកីឡាករល្អជាងគេចំនួន ៣លើក ព្រមទាំងធ្លាប់បានបង្ហាញខ្លួនជាច្រើនលើកក្នុងក្រុមជម្រើសជាតិកម្ពុជាជាហេតុធ្វើឲ្យអាជីពបាល់ទាត់ខ្លួនទទួលបានភាពជោគជ័យយ៉ាងខ្លាំង ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ