កីឡដ្ឋានអាសុីអឺរ៉ុប ដំណើរការសាងសង់បាន ៣០% ហើយ

ភ្នំពេញ៖ មណ្ឌលកីឡដ្ឋានរបស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបបានចាប់ផ្ដើមគម្រោងសាងសង់ជាផ្លូវការហើយ ។ នេះបើយោងតាមការប្រកាសរបស់លោក ស៊ាង សុវណ្ណ ប្រធានរដ្ឋបាលទូទៅរបស់សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយម្ចាស់មេដាយប្រាក់កីឡាប៉េតង់ពិភពលោក ស្រ៊ាង សុរ៉ាឃីម នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ។
លោក ស៊ាង សុវណ្ណ បានលើកឡើងថា ការចាប់ផ្ដើមជាមួយគម្រោងសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលកីឡដ្ឋានអាស៊ីអឺរ៉ុបមកទល់ពេលនេះ គឺសម្រេចបានសមិទ្ធផល ៣០% ហើយ ។ បើតាមគម្រោងមណ្ឌលកីឡដ្ឋានដ៏ធំស្ថិតនៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាលនេះ គ្រោងនឹងបញ្ចប់ការសាងសង់នាចុងឆ្នាំ២០១៧ ពិសេសកីឡដ្ឋានបាល់ទាត់ ដែលត្រូវបញ្ចប់ការសាងសង់មុនគេ ដើម្បីបើកទ្វារទទួលធ្វើម្ចាស់ផ្ទះក្របខណ្ឌជើងឯកលីគកំពូលកម្ពុជា និងពានរង្វាន់ Hun Sen Cup នារដូវកាលថ្មី ។
បន្ថែមលើនេះ លោកបញ្ជាក់ថា ចំពោះកីឡដ្ឋានបាល់ទាត់អាស៊ីអឺរ៉ុប គឺគ្រោងរៀបចំកៅអីអង្គុយសម្រាប់ទទួលអ្នកគាំទ្រទស្សនាប្រមាណ ១ម៉ឺននាក់ ។ ក្រៅពីនេះ ក៏មានការសាងសង់ទីលានបាល់ទាត់ពីរ, តារាងវាយកូនបាល់ពីរ, តារាងបាល់បោះពីរ, តារាងបាល់ទះពីរ រួមទាំងទីលានកីឡាអត្តពលកម្មជាច្រើនផ្សេងៗទៀត ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ