កីឡាទូកក្តោងកម្ពុជាជ្រើសរើសខេត្តកែបជាទីលានហ្វឹកហាត់ត្រៀមសុីហ្គេមនៅម៉ាឡេសុី

ភ្នំពេញ៖ ក្នុងគម្រោងប្រជែងយកមេដាយនៅលើឆាកអន្តរជាតិនោះ សហព័ន្ធកីឡាទូកក្ដោងកម្ពុជាបានសម្រេចយកឆ្នេរសមុទ្រខេត្តកែបជាកន្លែងហ្វឹកហាត់ និងបង្កើតជាក្លឹបនៅទីនោះតែម្ដងដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២៩ (The 29th SEA Games) នៅប្រទេសម៉ាឡេស៊ី នាខែសីហាខាងមុខ ។ ការហ្វឹកហាត់នេះក៏ជាផ្នែកមួយដើម្បីត្រៀមចូលរួមសម្តែងអបអរសាទរក្នុងពិធីបុណ្យសមុទ្រលើកទី៦ ដែលនឹងរៀបចំនៅខេត្តកែបនាពេលខាងមុខនេះផងដែរ។

ប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា លោកថោង រដ្ឋាស័ក បានឱ្យដឹងថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា និងក្លឹបទូកក្តោងកែបមានចក្ខុវិស័យរួមគឺណែនាំតម្រង់ទិស ក៏ដូចជាជំរុញលើកទឹកចិត្តដល់ក្មេងៗ និងយុវជនកម្ពុជាឱ្យមានចិត្តស្រលាញ់កីឡាទូកក្តោងដើម្បីប្រមូលផ្តុំកីឡាករទូកក្តោង និងចម្រាញ់យកកីឡាករឆ្នើមៗដែលអាចតំណាងឱ្យកម្ពុជាដើម្បីចូលរួមការប្រកួតក្នុងឆាកជាតិ និងអន្តរជាតិ។

លោកបានបន្តថា ក្លឹបទូកក្តោងកែបមានទីតាំងស្ថិតនៅក្នុងខេត្តកែបដែលមានឆ្នេរសមុទ្រមួយដ៏ស្រស់ស្អាត ហើយក្លឹបនេះមិនត្រឹមតែជាកន្លែងបម្រើសេវាកីឡាលើទឹកដ៏សម្បូរបែបនោះទេប៉ុន្តែវាក៏ជាផលិតផលទេសចរណ៍ថ្មីដ៏មានសក្តានុពលទាក់ទាញរបស់ Knai Bang Chatt Resort ផងដែរ។

ប្រធានសហព័ន្ធរូបនេះជឿជាក់ថា ផ្អែកលើលក្ខណៈអំណោយផលនៃទីតាំង និងភាពសំបូរបែបនៃសេវាកីឡាលើទឹកនេះ ក្លឹបទូកក្តោងកែបនឹងក្លាយជាគោលដៅកីឡាទេសចរណ៍ថ្មីមួយដ៏ពេញនិយមប្រកបដោយភាពទាក់ទាញសមស្របនឹងការប្រសិទ្ធនាមថាជា «តារារះនៅទិសនិរតី» ដែលបានផ្តល់ឱ្យដោយក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើលោក ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ