តើ ឡុង សុភី ឬ ពុទ្ធ ឆាយរិទ្ធី ដែលនឹងក្លាយជាម្ចាស់ប្រាក់រង្វាន់ ១.០០០ ដុល្លារនៅចុងសប្តាហ៍នេះ?

ភ្នំពេញ៖ លុយសុទ្ធចំនួន ១.០០០ដុល្លារត្រូវបានដម្កល់ទុករួចជាស្រេចហើយនៅលើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍ដើម្បីឲ្យអ្នកប្រដាល់ជើងខ្លាំង ២រូបគឺពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្ស និង ឡុង សុភី មកពីក្លិបសាលវ័ន្តកីឡាប្រកួតគ្នាដើម្បីក្លាយជាម្ចាស់ទឹកប្រាក់ទាំងនេះនៅយប់ថ្ងៃទី២៩ ខែមេសាខាងមុខ ។ ជាអ្នកលេងជង្គង់ និងកែងដូចគ្នាបែបនេះត្រូវបានគេចោទជាសំណួរថាតើនរណាជាអ្នកខ្លាំងពិតប្រាកដ ឯអ្នកខ្លះសួរថានរណានឹងក្លាយជាម្ចាស់លុយ១.០០០ដុល្លារនេះ ។ សូមបញ្ជាក់ថា ក្នុងការប្រកួតនេះអ្នកឈ្នះនឹងទទួលបាន ១.០០០ដុល្លារ រីឯអ្នកចាញ់បានត្រឹមតែ ៣០០ដុល្លារប៉ុណ្ណោះ ។

លោកញាន សុធី អ្នកគ្រប់គ្រងកម្មវិធីប្រដាល់នៃស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍បាននិយាយដោយម៉ឺងម៉ាត់ថាអ្នកខ្លាំង អ្នកខិតខំហ្វឹកហាត់នឹងក្លាយជាម្ចាស់លុយនេះ ។ លោកបន្តថាព្រឹត្តិការបែបនេះមិនមានរៀងរាល់សប្ដាហ៍នោះទេតែអ្នកប្រដាល់ដែលមកប្រកួតក្នុងព្រឹត្តិការណ៍នេះលោកបានប្រាប់ឲ្យគេដឹងខ្លួនមុនដើម្បីត្រៀមខ្លួនហាត់ ។ លោកសុធីក៏បានព្រមានដែរថា លុយតម្លៃខ្លួនច្រើនហេតុនេះគេត្រូវតែវ៉ៃឲ្យអស់ពីសមត្ថភាព ។ប្រសិនបើអាជ្ញាកណ្ដាល ឬ ចៅក្រម ឬមន្ត្រីវិនិច្ឆ័យគេមើលឃើញថាការប្រកួតមិនអស់ពីសមត្ថភាពទេនោះគេនឹងត្រូវអាជ្ញាកណ្ដាលបណ្ដេញចុះពីសង្វៀនដោយមិនមានលុយតម្លៃខ្លួនហើយត្រូវជាប់ពិន័យរបស់សហព័ន្ធទៀតផង ។ គួររំលឹកថា កាលពីខែមុនអ្នកដែលប្រជែងយកលុយនេះបានគឺកីឡាករ ង៉ែត រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យដែលឈ្នះមាស ច័ន្ទមាន មកពីសមាគមប្រដាល់ក្រសួងការពារជាតិដោយពិន្ទុដាច់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ