បេស្បលកម្ពុជាជឿជាក់ថាខ្លួននឹងអាចចូលរួមសុីហ្គេម ឆ្នាំ២០២៣បាន

ភ្នំពេញ៖ ក្នុងគោលបំណងចង់ចូលរួមស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីប្រជែងយកមេដាយមកជូនជាតិនោះ សហព័ន្ធកីឡាបេស្បលកម្ពុជាបានដាក់ទិសដៅ និងកំពុងទាក់ទងសុំស្ថាប័នជំនាញ NOCC និងក្រសួងអប់រំ យុវជន និងកីឡា ឲ្យយល់ព្រមដាក់បញ្ចូលបេស្បលចូលរួមក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ខណៈដែលសហព័ន្ធនេះកំពុងខិតខំពង្រឹងក្រុមកីឡាករការិនីអាយុក្រោម ១៥ ឆ្នាំ ប្រហែល ២០ ទៅ ២៥ នាក់ ។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាថ្លែងថា៖ «បេស្បលជាប្រភេទកីឡាថ្មី ដែលកំពុងមានសកម្មភាពជាច្រើន អ៊ីចឹងហើយបានជាក្រសួងអប់រំ យុវជន និងកីឡា គាំទ្រកិច្ចការងារនេះ ដើម្បីពន្លឿននៃការអភិវឌ្ឍកីឡាបេស្បលនៅកម្ពុជា ដោយយើងបានជ្រើសរើសក្រុមហ៊ុន BRYCEN ឲ្យមកជួយគាំទ្រកីឡាបេស្បល ហេតុនេះក្រសួងបានគាំទ្រកីឡាបេស្បលទាំងស្មារតី បច្ចេកទេស និងថវិកាផងដែរ គឺធ្វើយ៉ាងណាឲ្យកីឡាបេស្បល មានការរីកចម្រើនបានឆាប់»។

ជាមួយគ្នានេះដែលលោក ញ៉ែម ថ្ថាវី ប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជាបានឱ្យដឹងថា៖ «សំភារៈកីឡានេះថ្លៃណាស់ អ៊ីចឹងការជួយឧបត្ថម្ភរបស់ក្រុមហ៊ុន BRYCEN ដែលបាន ចុះ MoU រយៈពេល ១ ឆ្នាំនឹងផ្តល់ជូនសហព័ន្ធកីឡាបេស្បលចំនួន ១ ពាន់ដុល្លារក្នុង ១ ខែ សម្រាប់ការចំណាយទៅលើការទិញសម្ភារលេង និងទីលានប្រកួតដែលនឹងធ្វើឲ្យចំនួនសំភារៈរបស់យើងអាចកើនលឿន ដែលយើងអាចពង្រីកក្មេងៗទៅកន្លែងថ្មីបានដូចជានៅកំពង់ចាម ត្បូងឃ្មុំ និងខេត្តបាត់ដំបង ព្រោះនៅភ្នំពេញនេះយើងបានធ្វើការជាមួយសាលាចំនួន ៦ និងនៅខេត្តកំពង់ធំ មាន ៦ សាលាដែរ »។ លោកបានបញ្ជាក់ថា៖ «បើសិនជាមានការជួយឧបត្ថម្ភច្រើន កីឡាបេស្បល នឹងមានការរីកចម្រើនបានឆាប់រហ័ស ហើយតាមគម្រោងគឺក្នុងរយៈពេល ៣ ឆ្នាំទៅមុខនេះ យើងត្រូវបង្ហាញពីសមត្ថភាពរបស់យើងដល់ថ្នាក់ដឹកនាំ (NOCC និងក្រសួង) ដើម្បីឲ្យពួកគាត់វាយតម្លៃ ថាយើងអាចចូលរួមការប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣ បានឬក៏អត់?»៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ