ហេង វុទ្ធី គ្រោងចេញទៅប្រកួតជើងឯកចំបាប់អាសុីនៅប្រទេសឥណ្ឌា នាខែក្រោយនេះ

ភ្នំពេញ៖ កីឡាករចំបាប់គីឡូធ្ងន់របស់កម្ពុជាមួយរូបគឺកីឡករ ហេង វុទ្ធី ត្រូវបានសហព័ន្ធជ្រើសរើសគ្រោងឲ្យទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកចំបាប់អាស៊ីនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា នាថៃ្ងទី១១ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ។

កីឡាករហេង វុទ្ធី ធ្លាប់ ដណ្តើមបានមេដាយសំរឹទ្ធិចំនួន ២គ្រឿងពីការប្រកួតកីឡាចំបាប់ជើងឯកយុវជនអាស៊ាននៅប្រទេសថៃ កាលពីខែមេសាឆ្នាំ២០១៧កន្លងទៅថ្មីនេះ ។ ហេង វុទ្ធី បាននិយាយថា៖ «សម្រាប់ការប្រកួតនៅឥណ្ឌានេះខ្លួនបានត្រៀមរួចរាល់ហើយ គឺហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ព្រោះរំពឹងថាអាចទទួលបានលទ្ធផលល្អប្រសើរត្រឡប់មកជូនប្រទេសជាតិវិញ។» កីឡាករ រូបនេះបានបញ្ជាក់ថា ការប្រកួតធំបែបនេះរូបគេមិនធ្លាប់បានចូលរួមពីមុនមកនោះទេ ប៉ុន្តែទោះជាយ៉ាងណាកីឡាករទម្ងន់ធ្ងន់នេះរំពឹង ៥០%អាចដណ្តើមបានមេដាយពីការប្រកួត ។

ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី ដែលប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះនេះ គឺនឹងប្រកួតក្នុងរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថៃ្ងទី១៤ ខែឧសភាឆ្នាំ២០១៧ ដោយមានប្រទេសក្នុងតំបន់អាស៊ីប្រមាណ ៣០ប្រទេសចូលរួម ។ បើតាមមន្ត្រីបច្ចេកទេសរបស់សហព័ន្ធបានឱ្យដឹងថា ហេតុផលដែល សហព័ន្ធសម្រេចចិត្តជ្រើសរើសកីឡាកររូបនេះឲ្យចូលរួមប្រកួតចំបាប់ជ្រើសរើសជើងឯកអាស៊ី លើកនេះគឺដោយសារតែហេង វុទ្ធីនៅក្មេង ហើយជាកីឡាករប្រភេទទម្ងន់ធ្ងន់ និងម្យ៉ាងសហព័ន្ធកីឡាចំបាប់ចង់អភិវឌ្ឍសមត្ថភាពកីឡាកររូបនេះឲ្យកាន់តែខ្លាំងថែមទៀតដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេម និងការប្រកួតនានានៅក្នុងតំបន់ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ