ម្ចាស់មេដាយមាសប៉េតង់ពិភពលោក អ៊ុក ស្រីមុំ ត្រូវបានដំឡើងឋានន្ដរស័ក្ដិជាផ្លូវការហើយ!

ភ្នំពេញ៖ វរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក ដែលទើបតែដណ្ដើមបានលើទឹកដីប្រទេសប៊ែលហ្ស៊ិកកាលពីពេលថ្មីៗកន្លងទៅ ត្រូវបានដំឡើងឋានន្ដរស័ក្ដិពីអនុសេនីយ៍ឯក ទៅជាវរសេនីយ៍ត្រីហើយ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ ដែលបំពាក់ដោយលោកនាយឧត្ដមសេនីយ៍ មុឹង សំផន រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងការពារជាតិ ។

គួរបញ្ជាក់ថា កីឡាការិនី អ៊ុក ស្រីមុំ គឺជាស្រ្ដីខ្មែរទី២ និងជាអត្តពលិកទី៣ របស់ក្រសួងការពារជាតិ ដែលដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកជូនជាតិ ។ លោកនាយឧត្ដមសេនីយ៍ មុឹង សំផន បានសម្ដែងការអបអរសាទរយ៉ាងខ្លាំង ចំពោះជោគជ័យនេះ និងបានជំរុញបន្ថែមដល់កីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡារបស់ក្រសួងការពារជាតិ បន្ដការខិតខំហ្វឹកហាត់ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ។

សូមរំឮកថា អ្នកស្រី អ៊ុក ស្រីមុំ បានដណ្ដើមមេដាយមាសខាងលើ កាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅ នៅប្រទេសប៊ែលហ្ស៊ិក លើវិញ្ញាសាវាយឯកត្តជននារី ។ អ្នកស្រី គឺជាស្ដ្រីខ្មែរទី២ បន្ទាប់ពីអ្នកស្រី កែ ឡេង ដែលដណ្ដើមបានមេដាយមាសពិភពលោកលើការប្រកួតកីឡាប៉េតង់ ។ ក្នុងនោះដែរកីឡាករ សុខ ចាន់មាន អត្តពលិករបស់ក្រសួងការពារជាតិ គឺជាកីឡាករម្នាក់គត់ ដែលដណ្ដើមបានមេដាយមាសពិភពលោកកាលពីឆ្នាំ២០១៦ កន្លងទៅ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ