មេប្រដាល់ខេត្តបន្ទាយមានជ័យចំណាយប្រាក់ទិញសំភារៈឧបត្ថម្ភដល់ក្លិបទាំង៦ ក្នុងខេត្តរបស់ខ្លួន

ភ្នំពេញ៖  លោកថៃ អ៊ូដែលអ្នកប្រដាល់នៅខេត្តបន្ទាយមានជ័យប្រសិទ្ធិនាមថាជាលោក «គ្រូតា» នោះបានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកទិញសម្ភារៈប្រដាល់ឧបត្ថម្ភដល់ក្លិបប្រដាល់ទាំង៦ នៅក្នុងខេត្តបន្ទាយមានជ័យកាលពីពេលថ្មីៗនេះ ។ ក្លិបទាំង៦ នោះមានដូចជា៖ ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ក្លិបសៅយ៉ាន់នាគា ក្លិបគីរីដងរែក ក្លិបរាជសីហ៍កីឡា ក្លិបមនោរម្យកីឡា និងក្លិបដីឡូតិ៍មានរិទ្ធ ។ សម្ភារៈដែលលោកឧបត្ថម្ភនោះមានសាក់សម្រាប់ទាត់ និង ដាល់ ខ្នើយសម្រាប់ទាត់ ស្រោមដៃសម្រាប់ហ្វឹកហាត់ និងប្រកួតក៏ដូចជាឯកសណ្ឋានផងដែរ ។ ជាមួយគ្នានេះលោកក៏បានឧបត្ថម្ភថវិកាដល់លោកគ្រូចាស់ៗចំនួន ៣ រូបដោយម្នាក់ៗបានទទួល ៦០.០០០រៀល ។

ជាមួយនឹងការឧបត្ថម្ភនោះលោកថៃ អ៊ូ បានណែនាំដល់បណ្ដាក្លិបដែលជាសមាជិកទាំងអស់ឲ្យចូលរួមបណ្ដុះបណ្ដាលដល់អ្នកប្រដាល់វ័យក្មេងៗដែលជាវ័យបន្តវេន ។ លោកបានសំណូមពរដល់ក្លិបទាំងអស់បង្ហាត់ក្មេងៗកុំយកលុយព្រោះនេះជាការចូលរួមអូសទាញកុមារ និង យុវវ័យឲ្យចូលរួមលេងកីឡាដើម្បីគេចផុតពីការប្រើប្រាស់គ្រឿងញៀន ។ ជាមួយនឹងការណែនាំនេះប្រធានប្រដាល់ខេត្តបន្ទាយមានជ័យរូបនេះបានសន្យារកទីផ្សារប្រកួតដល់កីឡាករប្រដាល់ដែលមានសមត្ថភាពដែលក្រៅពីប្រកួតនៅសង្វៀនរបស់ទូរទស្សន៍នានានោះលោកនឹងនាំពួកគេទៅប្រកួតជាលក្ខណៈអន្តរជាតិនៅថៃទៀតផង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ