ព្រឹត្តិការណ៍រត់ BATON RUN ឆ្ពោះទៅស៊ីហ្គេមលើកទី២៩ នឹងចាប់ផ្ដើមស្អែកនេះនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នាថ្ងៃទី២២ ខែមេសាស្អែកនេះ ភាគីម៉ាឡេស៊ី សហការជាមួយក្រសួងអប់រំយុវជន និងកីឡា ដោយមានជំនួយបច្ចេកទេសពីសហព័ន្ធខ្មែរកីឡាអត្តពលកម្ម និងមន្ត្រីកីឡាសំខាន់ៗ បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំង BATON-RUN ចម្ងាយ ៩គីឡូម៉ែត្រនៅក្នុងទីក្រុងភ្នំពេញ ក្នុងគោលដៅឆ្ពោះទៅស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីនាខែសីហាខាងមុខនេះ។
ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងមានមនុស្សរាប់ពាន់នាក់ចូលរួម មិនតែប៉ុណ្ណោះអនុរដ្ឋមន្ត្រីក្រសួងកីឡាម៉ាឡេស៊ីក៏នឹងមកចូលរួមរត់ដែរ ហើយប្រសិនបើគ្មានការប្រែប្រួលទេនោះឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏នឹងកាន់ភ្លើងគុបសិប្បនិម្មិតចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះដែរ ព្រោះប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន សុទ្ធតែរៀបចំព្រឹត្តិការណ៍នេះទាំងអស់។
កម្មវិធីនេះនឹងចេញដំណើរពីមុខស្ថានទូតម៉ាឡេស៊ី នៅក្បែរស្ពានក្បាលថ្នល់នឹងមកបញ្ចប់នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ហើយគិតមកដល់ពេលនេះមានយុវជនជាច្រើនបានចុះឈ្មោះចូលរួមរត់ រីឯតំណាងស្ថានទូតនៃបណ្ដាប្រទេសនៅតំបន់អាស៊ាន តំណាងក្រសួងមន្ទីរនានា រួមជាមួយសិស្សានុសិស្ស ជាច្រើនទៀត ក៏នឹងមានវត្តមានក្នុងព្រឹត្តិការណ៍មួយនេះដែរ ។
បើតាមមន្ត្រីបច្ចេកទេសរបស់សហព័ន្ធបានឱ្យដឹងថា ពាក្យ BATON មានន័យថា ជាដំបងភ្លើងសិប្បនិម្មិតដែលគេកាន់ដើម្បីរត់ហើយដំបងនេះនឹងត្រូវប្រគល់បន្តឲ្យតំណាងស្ថានទូតនៃប្រទេសឥណ្ឌូនេស៊ី ព្រោះប្រទេសនេះនឹងរៀបចំព្រឹត្តិការណ៍ BATON-RUN នេះនៅថ្ងៃទី៣០ មេសា បន្ទាប់ពីកម្ពុជាក្នុងចម្ងាយ ៩ គីឡូម៉ែត្រដូចគ្នា រួចទើបបន្តទៅបណ្តាប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន។ គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍នេះ រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីបានផ្ដល់ទឹកប្រាក់ចំនួន ១០០០០ ដុល្លារដល់កម្ពុជា សម្រាប់រៀបចំព្រឹត្តិការណ៍ BATON-RUN នេះ ហើយក្រុមហ៊ុនឯកជនក្នុងស្រុកមួយចំនួនដូចជាទឹកបរិសុទ្ធវីតាល់ កូកាកូឡា ភេសជ្ជៈស្ពនស័រ ក៏បានចូលរួមជួយឧបត្ថម្ភដល់ព្រឹត្តិការណ៍នេះផងដែរ៕
អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ