កុំភ្លេចណា! ចាន់ រតនា ប៉ះជើងខ្លាំងចិន Xie Bin យប់នេះក្នុងទ្រុង ONE FC នៅហ្វីលីពីន

ភ្នំពេញ៖ នាយប់ថ្ងៃទី២១ ខែមេសានេះ អ្នកប្រដាល់វាយក្នុងទ្រុងរបស់កម្ពុជា ចាន់ រតនា នឹងប៉ះជើងខ្លាំងមកពីប្រទេសចិន Xie Bin ក្នុងទម្ងន់ ៦១,២ គីឡូក្រាមនាព្រឹត្តិការណ៍ ONE: KINGS OF DESTINY ដែលត្រូវរៀបចំឡើងនៅលើសង្វៀន Mall Of Asia Arena ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ចាន់ រតនា មានកំណត់ត្រាឈ្នះក្នុងយុទ្ធគុនចម្រុះ (MMA) នេះ ចំនួន ៤ លើក និងចាញ់ ២ លើក ក្នុងនោះជ័យជម្នះ ៣ លើករបស់គេបានកើតឡើងដោយការវាយដៃគូឲ្យសន្លប់ដោយបច្ចេកទេស និងមួយលើកទៀតតាមរយៈការប្រើស្នៀតក្លេឲ្យចុះចាញ់។
យ៉ាងណាក៏ដោយ ការប្រកួតលើកចុងក្រោយរបស់គេបានកើតឡើងកាលពីខែសីហា ក្នុងព្រឹត្តិការណ៍ ONE: HEROES OF THE WORLD ខណៈដែលរូបគេបានចាញ់កីឡាករ Ma Hao Bin ដោយពិន្ទុជាឯកច្ឆន្ទ។ ចាន់ រតនា បានឱ្យដឹងថា៖ «ខ្ញុំមិនបានត្រៀមលក្ខណៈ ហើយខ្ញុំមិនរឹងមាំ ១០០ ភាគរយឡើយ។ ខ្ញុំថយចុះកម្លាំងនៅចុងទឹកទី ១។ Ma ឈ្នះដោយពិន្ទុ ប៉ុន្តែ ខ្ញុំដឹងថា ខ្ញុំគួរតែបានឈ្នះការប្រកួតនោះ។ ប៉ុន្តែ ពេលនេះ ខ្ញុំត្រៀមលក្ខណៈយ៉ាងល្អសម្រាប់ការប្រកួតនេះដើម្បីជួយដល់ក្រុមរបស់ខ្ញុំ»។
រូបគេបានបន្ថែមថា៖ «ខ្ញុំចង់បង្ហាញពីភាពខ្លាំងមួយអំពីអនាគតរបស់ខ្ញុំ។ ខ្ញុំចង់ទៅឲ្យបានឆ្ងាយតាមដែលអាច និងទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់»។ សូមបញ្ជាក់ថា ដៃគូប្រកួតរបស់កីឡាករចាន់ រតនា គឺជាកីឡាករដ៏មានទេពកោសល្យ ក្នុងការប្រកួតវៃដាក់ទ្រុងនេះ និងមានជំនាញផ្នែកចំបាប់ និងក្បាច់ BJJ (Brazilian Jiu-Jitsu) ហើយគេក៏ជាម្ចាស់ជើងឯករងក្នុងយុទ្ធនាការដណ្តើមពាន ONE Hefei Bantamweight Tournament ផងដែរ។ កីឡាករចិនរូបនេះ មានកំណត់ត្រាឈ្នះ ២ លើក និងចាញ់ ២ លើក ក្នុងអាជីពប្រកួត MMA របស់គេ។ ចាំមើលការប្រកួតដ៏អស្ចារ្យរបស់ចាន់ រតនា យប់នេះ ជាមួយនិងជើងខ្លាំងមកពីប្រទេសចិន Xie Bin ថាអ្នកណាមានសម្ថភាពជាងអ្នកណា?
លោកអ្នកក៏អាចតាមដានការប្រកួតនេះតាមរយៈ៖ oneppv.com
អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ