ឃួន ឡាបូរ៉ាវី៖ Johor អាចឡើងដល់វគ្គ ១/២ ឬវគ្គផ្ដាច់ព្រ័ត្រ បើសិនឆ្លងផុតពូល

ភ្នំពេញ៖ បន្ទាប់ពីទម្លាក់ក្រុមបឹងកេតអង្គរ ដោយលទ្ធផល ៣-០ កាលពីយប់មិញ ខ្សែប្រយុទ្ធរបស់ក្រុមតំណាងកម្ពុជាកីឡាករ ឃួន ឡាបូរ៉ាវី បានសម្ដែងការកោតសរសើរ ចំពោះក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី ដែលបានបង្ហាញទម្រង់លេងដ៏ល្អជាងគេ បើប្រៀបនឹងការប្រកួតវិលជុំក្នុងពូលF នៃពានរង្វាន់ AFC Cup 2017 នាពេលកន្លងមក ហើយ Johor ក៏អាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) ឬវគ្គផ្ដាច់ព្រ័ត្រដែរ បើសិនពួកគេអាចឆ្លងផុតពូលF ។

ឃួន ឡាបូរ៉ាវី បាននិយាយក្នុងសន្និសីទសារព័ត៌មាន ក្រោយក្រុមបឹងកេត បរាជ័យក្រោមថ្វីជើងក្រុម Johor Darul Ta’zim ជាលើកទី២ យប់មិញថា៖ «បើគិតពីក្រុមដែលបឹងកេត ធ្លាប់ជួបក្នុងយុទ្ធនាការពានរង្វាន់ AFC Cup 2017 ក្រុម Johor គឺជាក្រុមខ្លាំង ព្រោះការបង្ហាញទម្រង់លេងជាក្រុមរបស់ពួកគេពិតជាល្អ ខណៈក្រុមផ្សេងៗ ធ្វើមិនបានដូចពួកគេឡើយ ។ ខ្ញុំជឿជាក់ថា Johor អាចឡើងដល់វគ្គបន្ដ(វគ្គ ១/២ ឬវគ្គផ្ដាច់ព្រ័ត្រ) បើពួកគេឆ្លងផុតពូល តែឥលូវពួកគេកំពុងឈរលេខ២ នៅឡើយ» ។

គួរបញ្ចាក់ថា ពេលនេះក្រុមស្ថិតក្នុងពូលF គឺនៅសល់ ១ប្រកួតទៀត ខណៈក្រុម Global របស់ហ្វីលីពីនកំពុងឈរកំពូលតារាង និងមាន ១២ពិន្ទុ ហើយប្រកួតចុងក្រោយក្រុមខ្លាំងនេះ ត្រូវជួបក្រុមភ្ញៀវបឹងកេតអង្គរ ដោយត្រូវការ ៣ពិន្ទុទៀត ដើម្បីឆ្លងផុតពូលដោយស្វ័យប្រវត្តិ ។ រីឯក្រុម Johor ឈរលេខ២ និងមាន ១០ពិន្ទុ ត្រូវជួបក្រុម Magwe របស់មីយ៉ាន់ម៉ា ប៉ុន្ដែការប្រកួតនេះទោះបី Johor ឈ្នះក៏ត្រូវចាំអ៊ុតការប្រកួតរវាងក្រុម Global និងក្រុមបឹងកេតដែរ ព្រោះមានតែមួយក្រុមមានពិន្ទុខ្ពស់ជាងគេប៉ុណ្ណោះ ដែលត្រូវឡើងវគ្គបន្ដ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ