ប្រវត្តិរូបត្រួសៗ និងចំណាប់អារម្មណ៍របស់ខ្សែប្រយុទ្ធក្លឹបភ្នំពេញក្រោន កែវ សុខផេង

ភ្នំពេញ៖ មានស្រុកកំណើតនៅភូមិរការកណ្តាលក្នុងខេត្តក្រចេះ និងជាកូនពៅក្នុងគ្រួសារមួយដែលមានបងប្អូន៥នាក់ កែវ  សុខផេង បានចាប់ផ្តើមក្លាយជាអ្នកចូលចិត្តលេងកីឡាបាល់ទាត់ម្នាក់នៅអំឡុងពេល ដែលគេកំពុងសិក្សានៅឯវិទ្យាល័យព្រះមហាក្សត្រីយានី កុសុមៈ ក្នុងខេត្តក្រចេះ និងបានក្លាយជាកីឡាករដ៏ចំណាននៅក្នុងក្រុមបាល់ទាត់មហាគ្រុឌផងដែរ។


ក្រោយមកឱកាសដើម្បីក្លាយជាកីឡាករអាជីពក៏បានចូលមកដល់ ដោយនាឆ្នាំ២០០៧ ខ្សែប្រយុទ្ធរូបនេះត្រូវបានជ្រើសរើសឲ្យចូលលេងក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ ឆ្នាំ និងបានទាត់បញ្ចូលទីបាន ១គ្រាប់ក្នុងជំនួបជាមួយក្រុមជម្រើសជាតិវៀតណាម ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់សហព័ន្ធទ្វីបអាស៊ីដណ្តើមពានរង្វាន់យុវជនអាយុក្រោម ១៧ឆ្នាំ ដែលបន្ទាប់មកក្រុមកម្ពុជាបានទទួលបរាជ័យក្នុងលទ្ធផល ៧-០ ទល់នឹងក្រុមជប៉ុន។

បន្ទាប់មកទៀត នាឆ្នាំ២០១២ រូបគេបានចាប់ផ្តើមអាជីពរបស់ខ្លួនក្នុងក្រុមបាល់ទាត់បឹងកេត ជាទីដែលបងប្រុសរបស់ខ្លួនគឺកីឡាករ កែវ សុខង៉ន ក៏បានលេងនៅទីនោះដែរ ។ ក្នុងឆ្នាំដដែលនោះក្លឹបមួយនេះបានឈ្នះពានរង្វាន់លីគកំពូលកម្ពុជាជាលើកទី១ របស់ខ្លួនផងដែរនោះ។ បន្តមកទៀត នៅដើមឆ្នាំ២០១៥ កីឡាករ កែវ សុខផេង ត្រូវបានជ្រើសរើសឲ្យចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរីព្រមទាំងបានទាត់បញ្ចូលទីក្នុងការប្រកួតជាមួយក្រុមហ្វីលីពីន និងមីយ៉ាន់ម៉ា ផងដែរ ។

ចាប់ពីពេលនោះមក ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាជាមួយនឹងទម្រង់លេងដ៏ល្អរបស់ខ្លួន។ ជាងនេះទៅទៀតនៅឆ្នាំ២០១៥ដដែលនោះ កែវ សុខផេង ក៏ត្រូវបានបញ្ចូលជាសមាជិកនៃក្រុមឈុតធំជម្រើសជាតិកម្ពុជាក្នុងការប្រកួតជម្រុះ World Cup ជាមួយក្រុមអាហ្វហ្គានីស្ថានថែមទៀតផង ។

26

ខណៈដែលរូបគេបានក្លាយជាកីឡាករដែលមានប្រជាប្រិយ និងស្ថិតក្នុងការតាមប្រមាញ់ចង់បានរបស់ក្លឹបជាច្រើននោះ ប្រិយមិត្តជាច្រើនបានចោទសួរថា៖ ហេតុអ្វីបានជាកីឡាកររូបនេះសម្រេចចិត្តផ្លាស់ប្តូរមកកាន់ក្លឹបភ្នំពេញក្រោន​ និងបានចំណាយពេលជិត ២ឆ្នាំហើយនៅទីនេះ?
«ខ្ញុំបានឃើញនូវភាពល្អប្រសើរ ក៏ដូចជាការអភិវឌ្ឍនៅក្នុងក្លឹបមួយនេះ។ នៅទីនេះមានការគ្រប់គ្រងល្អប្រកបដោយបរិក្ខារទំនើបៗ រួមជាមួយនឹងកីឡដ្ឋានផ្ទាល់ខ្លួនដ៏ធំ និងថ្មីសន្លាង ព្រមទាំងមានថ្នាលយុវជនក្មេងៗថែមទៀត ដែលទាំងនេះគឺជាអ្វីដែលក្លឹបភ្នំពេញក្រោនមាន និងឈានមុខជាងក្លឹបឯទៀត។ អ្វីៗទាំងអស់នេះបានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ភ្នំពេញក្រោនគឺជាក្លឹបបាល់ទាត់ដែលធំជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ហើយពិតជាមានកិត្តិយសខ្លាំងណាស់ក្នុងការក្លាយខ្លួនជាសមាជិកម្នាក់នៃក្លឹបមួយនេះ។ មួយវិញទៀតខ្ញុំក៏មានក្តីរីករាយមែនទែនដែលបានធ្វើការជាមួយអ្នកគ្រប់គ្នានៅក្នុងក្លឹបដើម្បីរួមចំណែកក្នុងការថែរក្សាប្រវត្តិសាស្ត្រជាជើងឯកដែលក្លឹបធ្លាប់សម្រេចបាន ៦សម័យកាលមកហើយនោះ។» សុខផេង បានលើកឡើងដូច្នេះ។

កីឡាកររូបនេះបានបន្ថែមទៀតថា៖« ខ្ញុំមិនអាចរង់ចាំតទៀតបានទេ ខ្ញុំពិតជាចង់ជួយក្លឹបដើម្បីដណ្តើមជ័យជម្នះក្នុងរដូវកាលនេះទៅតាមអ្វីដែលខ្ញុំអាចធ្វើបាន! ខ្ញុំប្តេជ្ញាថា ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីភាពជោគជ័យរបស់ក្លឹបព្រោះថាបំណងប្រាថ្នាដ៏សំខាន់របស់ខ្ញុំគឺការលេងកីឡាបាល់ទាត់ដែលខ្ញុំស្រឡាញ់ ហើយដណ្តើមពានរង្វាន់ឲ្យបានច្រើន និងក្លាយទៅជាកីឡាករឆ្នើមម្នាក់នាពេលអនាគត។ ខ្ញុំក៏សង្ឃឹមថា ប្រិយមិត្តទាំងអស់នឹងមកចូលរួមគាំទ្រចំពោះក្លឹបបាល់ទាត់ភ្នំពេញក្រោននៅកីឡដ្ឋានរបស់យើង ព្រោះថាអ្នកទាំងអស់គ្នានេះហើយដែលជាកម្លាំងចិត្តក្នុងការជំរុញឲ្យកីឡាករទាំងអស់តស៊ូឆ្ពោះទៅរកភាពជោគជ័យនោះ។ ខ្ញុំពិតជាចង់ឃើញអ្នករាល់គ្នាបង្ហាញមុខក្នុងការប្រកួតនានានៅឯកីឡដ្ឋាន RSN។»

23

«ទន្ទឹមនឹងនេះក្រៅពីការជួយក្លឹប ខ្ញុំក៏តែងតែត្រៀមខ្លួនសម្រាប់ការបំពេញកាតព្វកិច្ចក្នុងក្រុមជម្រើសជាតិផងដែរ! វាជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាជាពិសេសវាគឺជាក្តីសុបិន្តតាំងពីក្មេងរបស់ខ្ញុំ!» ៕

32

អត្ថបទ៖ មករា និង បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ