អ៊ុក ស្រីមុំ ជាស្ត្រីទី២ របស់កម្ពុជាដែលដណ្ដើមបានមេដាយមាសប៉េតង់ពិភពលោកបន្ទាប់ពីអ្នកស្រី កែ ឡេង

ភ្នំពេញ៖ នេះជាមោទកភាពមួយទៀតសម្រាប់ប្រទេសកម្ពុជាដែលទទួលបានលាភធំៗជាប់ៗគ្នាពីព្រឹត្តិការណ៍ប្រកួតីឡាប៉េតង់ពិភពលោក ដោយស្រ្តីរបស់កម្ពុជាម្នាក់ទៀតហើយបានប្រឹងប្រែងដណ្ដើមយកមេដាយមាស ពីព្រឹត្តិការណ៍ ប្រកួត “World Championship Petaque 2017” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៧ នៅប្រទេសបែលហ្សិក គឺអ្នកស្រី អ៊ុក ស្រីមុំ ។

ជាការកត់សម្គាល់ អ្នកស្រី អ៊ុក ស្រីមុំ ជាស្ត្រីខ្មែរទី២ហើយ ដែលទទួលបានមេដាយកម្រិតពិភពលោកលើកីឡាប៉េតង់នេះ ខណៈដែលស្ត្រីទី១នោះ គឺអ្នកស្រី កែ ឡេង ដែលធ្លាប់ធ្វើបានសម្រេចដល់ទៅ២ដង នៅឆ្នាំ២០១៣ និងឆ្នាំ២០១៥។ ដោយឡែក កីឡាករ សុខ ចាន់មាន វិញក៏ធ្លាប់ដណ្ដើមបានមេដាយមាសពិភពលោកលើកីឡាប៉េតង់នេះដូចគ្នាកាលពីឆ្នាំ២០១៦ កន្លងទៅនេះ។ មិនត្រឹមតែប៉ុណ្ណោះ មិត្តរួមអាជីព ២រូបទៀត គឺ កីឡាករ ញ៉ែម បូរ៉ា និង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ក៏បានទទួលមេដាយប្រាក់លើវិញ្ញាសាវាយគូរបុរសនារីពីព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់លំដាប់ពិភពលោក World Championship Petanque 2017 នៅទីក្រុង Ghent ប្រទេសបែលហ្ស៊ិកនេះផងដែរជាមួយនឹងអ្នកស្រីអ៊ុក ស្រីមុំ ដែលបាននាំយកមេដាយមកដល់កម្ពុជាវិញកាលពីរសៀលម្សិលមិញនេះ ។

លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញមកទទួលដំណើរដោយផ្ទាល់នៅឯប្រលានយន្តអន្តរជាតិភ្នំពេញ ជាមួយនឹង លោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា តំណាងឯកឧត្តមថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីទទួលស្វាគមន៍ដំណើរមកដល់របស់អត្តពលិកប៉េតង់។

ការមកដល់របស់វីរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក World Championship Petaque 2017 នេះគឺមានការរៀបចំក្បួនម៉ូតូកិត្តិយស ១២គ្រឿង ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីលើកទឹកចិត្តជាពិសេស សម្រាប់អត្តពលិកដែលដណ្ដើមបានមេដាយមាសថ្នាក់ពិភពលោកតែម្ដង។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះ គឺអតីតម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៦ កីឡាករ សុខ ចាន់មាន មិនអាចការពារតំណែងម្ចាស់មេដាយមាសពិភពលោករបស់ខ្លួនលើវិញ្ញាសាវាយឯកត្តជនបុរសបាននោះទេ បន្ទាប់ពីប្រកួតចាញ់កីឡាករម្ចាស់ផ្ទះបែលហ្ស៊ិកត្រឹមវគ្គ ១៦នាក់ចុងក្រោយ គ្រាដែលការប្រកួតលើវិញ្ញាសាវាយគូបុរសក៏កីឡាករឆ្នើមរបស់កម្ពុជារូបនេះក៏ធ្វើមិនបានល្អដែរដោយធ្លាក់ត្រឹមវគ្គជម្រុះក្រោយប្រកួតចាញ់ក្រុមកីឡាករអាល្លឺម៉ង់រួចមក ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ