គ្រូបង្វឹក Johor ថា ប៉ះបឹងកេតល្ងាចនេះ គឺជាការកំណត់ជោគវាសនាក្រុមខ្លួន

ភ្នំពេញ៖ លោក Benjamin Mora គ្រូបង្វឹកក្រុម Johor Darul Ta’zim បាននិយាយថា ការប្រកួតជាមួយក្រុមម្ចាស់ផ្ទះបឹងកេតអង្គរ លើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦ល្ងាចនេះ គឺជាជំនួបដ៏សំខាន់ ព្រោះវាជាការប្រកួតកំណត់ជោគវាសនាក្រុមខ្លួន ដោយត្រូវការ ៣ពិន្ទុបន្ថែម ដើម្បីកក់កៅអីវគ្គបន្ដ នៃពានរង្វាន់ជើងឯកក្លឹបបាល់ទាត់អាស៊ី AFC Cup 2017 ។
 
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតជើងទី២ នៃពូលF កាលពីម្សិលមិញ ។ លោកបន្ដថា បឹងកេត គឺជាក្រុមល្អមួយ បើទោះបីក្រុមលោកធ្លាប់យកឈ្នះបឹងកេត ៣-០ នៅលើទឹកដីម៉ាឡេស៊ី កាលពីជួបគ្នាជើងទី១ ក៏ដោយ ។ ដូច្នេះល្ងាចនេះ លោកនឹងព្យាយាមជំរុញកូនក្រុមធ្វើឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីបន្ដដណ្ដើម ៣ពិន្ទុពីក្រុមជើងឯកលីគកំពូលកម្ពុជា បឹងកេតអង្គរ ឲ្យខានតែបាន ។
គួរបញ្ជាក់ថា មកទល់ពេលនេះក្រុម Johor Darul Ta’zim កំពុងឈរចំណាត់ថ្នាក់លេខ២ និងមាន ៧ពិន្ទុក្នុងដៃ តាមពីក្រោយក្រុម Global FC របស់ហ្វីលីពីន ដែលឈរកំពូលតារាង និងមាន ៩ពិន្ទុ ។ រីឯក្រុមបឹងកេតអង្គរ កំពុងឈរចំណាត់ថ្នាក់លេខ៣ និងមាន ៤ពិន្ទុ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ១ ស្មើ១ និងចាញ់២ ហេតុនេះក្រុមបឹងកេត និងក្រុម Johor Darul Ta’zim សុទ្ធតែត្រូវការ ៣ពិន្ទុបន្ថែមរៀងៗខ្លួន ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ