ប្រមុខបាល់ទាត់កម្ពុជាបង្ហាញពីមហិច្ឆតាធំ!

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស ៤ សៅ សុខា ប្រមុខសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញពីមហិច្ឆតាដ៏ធំគឺការកសាងទីលានបាល់ទាត់ឲ្បបានគ្រប់ ២៥រាជធានី-ខេត្តទូទាំងប្រទេស ។ ក្នុងនាមជាមេទ័ពម្នាក់ដែលមិនចេះលេងបាល់ទាត់ ប៉ុន្តែបានធ្វើឲ្យវិស័យបាល់ទាត់កម្ពុជាក្រឡាប់ចាក់ពីលេងគ្មានមនុស្សមើលទៅជាមានអ្នកគាំទ្ររាប់ម៉ឺននាក់នោះ លោក​សៅ សុខា បានទទួលស្គាល់ថា កីឡាបាល់ទាត់ពិតជាលំបាកណាស់ព្រោះជាប្រភេទកីឡាលេងជាក្រុមម្ល៉ោះហើយក្នុងចំណោមអ្នកលេងចំនួន ១១នាក់បើមានតែ ២នាក់ធ្វើផ្ដេសផ្ដាសនោះគឺក្រុមទាំងមូលផ្ដេសផ្ដាសតាមហើយ ។

លោកបានបន្ថែមថា សព្វថ្ងៃនេះកីឡាបាល់ទាត់កម្ពុជាសុទ្ធតែមិនបានឆ្លងសាលាបាល់ទាត់នោះទេ​ ពោលគឺពួកគេចេះលេងបាល់ហើយត្រូវបានក្លិបនានាជ្រើសរើសយកមកលេងហើយអ្នកដែលល្អនឹងក្លាយជាកីឡាករជម្រើសជាតិតែម្តង ។ នាពេលកន្លងមក លោកបានទៅទស្សនកិច្ចសាលាបាល់ទាត់នៅវៀតណាម បារាំង ជប៉ុន និងបណ្ដាប្រទេសនានាមួយចំនួនទៀតធ្វើឲ្យលោកត្រូវតែបង្ខំចិត្តបង្កើតសាលាបាល់ទាត់ដ៏ធំដំបូងគេនៅកម្ពុជានាស្រុកបាទីខេត្តតាកែវ ។ សាលាបាល់ទាត់នេះសព្វថ្ងៃកំពុងតែបណ្ដុះបណ្ដាលកុមារគ្រប់វ័យ ។ ការបង្រៀនគេឲ្យចេះលេងបាល់ទាត់វាជារឿងមួយហើយតែរឿងមួយទៀតយើងត្រូវផ្ដល់ការសិក្សាឲ្យគេ និងទទួលខុសត្រូវលើសុខភាពរបស់ពួកគេ ។

ប្រមុខបាល់ទាត់រូបនេះបន្តថា ពេលនេះផ្លែផ្កាកំពុងតែលេចចេញមកហើយគឺនៅក្នុងស្រុកខ្មែក្រុមយុវជនបាទីស្ទើរតែគ្មានដៃគូសម្រាប់ប្រកួតឡើយ ។ សម្រាប់កីឡាបើហាត់ហើយគ្មានការប្រកួតទេនោះគឺមិនរីកចម្រើនឡើយដូច្នេះលោកត្រូវតែបញ្ជូនពួកគេឲ្យទៅប្រកួតនៅក្រៅប្រទេស បើទោះបីជាមួួលើកៗត្រូវចាយលុយច្រើនក៏ដោយ ។ លោកនាយត្តមសេនីយ៍ផ្កាយមាស៤ ក៏បានបង្ហាញពីមហិច្ឆតាកសាងទីលានបាល់ទាត់ដែលមានខ្នាតត្រឹមត្រូវឲ្យបានទាំង ២៥រាជធានី-ខេត្ត ។ ជាមួយនឹងការស្ថាបនាទីលាននេះលោកនឹងបញ្ជូនគ្រូឲ្យទៅបណ្ដុះបណ្ដាលពួកគេដោយសហព័ន្ធចេញប្រាក់ខែឲ្យគ្រូ ។

ការធ្វើបែបនេះសហព័ន្ធនឹងអាចរកឃើញអ្នកមានសមត្ថភាពលេងបាល់ទាត់កាន់តែច្រើនឡើងៗព្រោះអ្នកមានទេពកោសល្យមិនមែនមានតែនៅភ្នំពេញនោះទេ នៅជនបទក៏មានអ្នកពូកែដែរគ្រានតែយើងមិនបានទៅរកពួកគេ ។ ជាមួយនឹងការបញ្ជូនគ្រូទៅបង្ហាត់ពួកគេហើយនោះ សហព័ន្ធនឹងរៀបចំឲ្យមានការប្រកួតជាលក្ខណៈភូមិភាគហើយជើងខ្លាំងតាមភូមិភាគនីមួយៗនឹងត្រូវជួបប្រកួតគ្នាបន្តទៀតដែលតាមរយៈការប្រកួតនេះហើយសហព័ន្ធនឹងរកបានកីឡាករថ្នាលល្អៗដែលមានសមត្ថភាពពិតប្រាកដនោះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ