អង្គរសង្គ្រានឆ្នាំនេះ ល្បុក្កតោ និងទាញព្រ័ត្រទទួលបានការចាប់អារម្មណ៍ច្រើនជាងគេ

សៀមរាប៖ ក្នុងព្រឹត្តិការណ៍អង្គសង្ក្រាន្តដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃនៅទឹកដីអង្គរខេត្តសៀមរាបនោះ ត្រូវបានគេសង្កេតឃើញថា កីឡា ២ប្រភេទគឺទាញព្រ័ត្រ និងល្បុក្កតោ បានទទួលការគាំទ្រ និងចាប់អារម្មណ៍ច្រើនជាងគេក្នុងចំណោម ៤ប្រភេទកីឡា ដែលមានកីឡាអុក និងប្រណាំងគោ ក្របី ដែលបានប្រកួតកម្សាន្ត ក្នុងពិធីអង្គរសង្ក្រានឆ្នាំ២០១៧។

សម្រាប់ការប្រកួតទាញព្រ័ត្រប្រវែង ២៥០ម៉ែត្រដែលមានមនុស្សចូលរួមប្រមាណជា ១៥០០នាក់ ត្រូវបានអនុញ្ញាតឱ្យមហាជនចូលរួមលេងដោយសេរីនៅមុខប្រាសាទអង្គរ ដោយមានការចូលរួមបើកដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ បើតាមមន្ត្រីសហព័ន្ធកីឡាទាញព្រ័ត្របានឱ្យដឹងថា៖ «ប្រភេទកីឡាទាញព្រ័ត្រនេះខ្មែរមានរាប់ពាន់ឆ្នាំមកហើយ ដោយមានចម្លាក់ក្នុងប្រាសាទអង្គរជាតឹកតាងស្រាប់ » ។

ដោយពាក្យថា «ព្រ័ត្រ» មានន័យថា កម្លាំងមហាសាមគ្គីរវាងទេវ និងអាសូរ ហើយជាការកកើតភោគផលដំណាំផ្សេងៗ ដែលកើតចេញពីការកូរសមុទ្រទឹកដោះ។ «ហើយរាល់ពិធីបុណ្យចូលឆ្នាំម្តងៗ ខ្មែរមិនដែលភ្លេចកីឡាទាញព្រ័ត្រនេះទេ ព្រោះវាជាកីឡាល្បងប្រាជ្ញា និង ល្បងកម្លាំង»។

ចំណែកឯ ការសម្តែង ក្រុមកីឡាល្បុក្កតោសម្រាប់អង្គរសង្ក្រាន ដែលមានអត្តពលិកទាំងក្មេង និងមនុស្សធំប្រមាណ ១៥០នាក់ បានធ្វើឱ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិពេញចិត្ត និងទទួលបានគាំទ្រសម្រាប់ការអបអរឆ្នាំថ្មីប្រពៃណីខ្មែរនៃមហាសង្ក្រាន្ត ឆ្នាំរកា ពស ២៥៦០ នៅទីលានជល់ដំរី ក្នុងបរិវេណប្រាសាទអង្គរធំ ខេត្តសៀមរាប ដែលមានភ្ញៀវជាតិនិង អន្តរជាតិចូលរួមទស្សនាជាច្រើនពាន់នាក់ ។

ព្រឹទ្ធចារ្យកីឡាល្បុក្កតោ លោកតា ហុក ឈាងគីម បានឱ្យដឹងថា ពិធីអង្គរសង្ក្រានឆ្នាំនេះមានការរៀបចំសម្តែងយ៉ាងធំដោយបានត្រៀមកីឡាករជាង ១៥០នាក់ ដើម្បីធ្វើការសម្តែងជូនភ្ញៀវទៅដល់អង្គរពេលចូលឆ្នាំថ្មីនេះទស្សនាយ៉ាងសប្បាយនៅមុខប្រសាទអង្គរវត្ត ក្នុងពិធីបុណ្យបីថ្ងៃ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ