AFC Cup៖ ស៊ូ យ៉ាទី ចង់ឈ្នះក្រុម Johor នៅចំពោះមុខអ្នកគាំទ្រនាជំនួបជើងទី២ ស្អែកនេះ!

ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអង្គរ នឹងត្រូវជួបក្រុមជើងខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim នាវេលាម៉ោង ៦ល្ងាចស្អែកនេះ នៅក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Cup 2017 ពូលF លើទីលានពហុកីឡដ្ឋានជាតិ ប៉ុន្តែមុនការប្រកួតមកដល់អ្នកចាំទីឆ្នើមរបស់បឹងកេត ស៊ូ យ៉ាទី បានបង្ហើបពីបំណងធំមួយដោយគេចង់ឃើញអ្នកគាំទ្រដ៏ច្រើនកុះករទស្សនាការប្រកួតនេះ ព្រោះជាក្ដីប្រាថ្នាចង់យកឈ្នះលើអតីតក្រុមជើងឯក AFC Cup 2015 នេះ ។

ស៊ូ យ៉ាទី បាននិយាយថា៖ «ការប្រកួតទល់នឹងក្រុម Johor ពិតជាមិនងាយស្រួលឡើយសម្រាប់យើង ជាពិសេសជើងទី១ ក្នុងការប្រកួតបើកឆាកពូលF យើងត្រូវប្រឈមនឹងក្រុមដែលមានកម្រិតនៃការលេងល្អជាងយើង ជាពិសេសពួកគេមានអ្នកគាំទ្រពេញកីឡដ្ឋាន ហើយស្រែកហ៊ោរលើកទឹកចិត្តស្ទើពេញ ៩០នាទី ។ ដូច្នេះសម្រាប់ជំនួបជើងទី២ នៅថ្ងៃពុធនេះរឿងទីមួយ ដែលខ្ញុំចង់ឈ្នះពួកគេ គឺឃើញវត្តមានរបស់អ្នកគាំទ្រទាំងអស់គ្នាឲ្យបានច្រើនកុះករនៅពហុកីឡដ្ឋានជាតិ ហើយពួកយើងនឹងព្យាយាមដើម្បីស្វែងរកលទ្ធផលល្អមួយជូនអ្នកទាំងអស់គ្នា» ។

គួរបញ្ជាក់ថា កាលពីជួបគ្នាជើងទី១ ក្រៅទឹកដីក្រុមបឹងកេត បានបរាជ័យក្រោមថ្វីក្រុមម្ចាស់ផ្ទះ Johor ដោយលទ្ធផល ៣-០ ហើយបច្ចុប្បន្នក្រុមបឹងកេតអង្គរ កំពុងឈរលេខរៀងទី៣ បណ្ដោះអាសន្ន និងមាន ៤ពិន្ទុក្នុងដៃជាមួយលទ្ធផល ៤ប្រកួតឈ្នះ១ ស្មើ១ និងចាញ់២ តាមពីក្រោយក្រុម Johor Darul Ta’zim កំពុងឈរលេខរៀងទី២ និងមាន ៧ពិន្ទុ ក្រោយបញ្ចប់ការប្រកួត ៤លើកដូចគ្នា ឈ្នះ២ ស្មើ១ និងចាញ់១ ។ នេះជាការប្រកួតទី៥ ក្នុងពូលF ដែលមាន ៤ក្រុមចូលរួម ដូច្នេះបន្ទាប់ពីបញ្ចប់ការប្រកួតនេះ ក្រុមទាំងពីរនៅសល់តែ ១ប្រកួតទៀតប៉ុណ្ណោះ ៕ អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ