ព្រឹត្តិការណ៍ BATON-RUN ប្រារព្ធធ្វើនាថ្ងៃទី២២ ខាងមុខ ខណៈនឹងមានអ្នកចូលរួមរាប់ពាន់នាក់

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានសហការជាមួយស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាដោយមានជំនួយបច្ចេកទេសពីសហព័ន្ធខ្មែរកីឡាអត្តពលកម្មផងនោះនឹងរៀបចំព្រឹត្តិការណ៍រត់ BATON-RUN ចម្ងាយ៩គីឡូម៉ែត្រនៅថ្ងៃទី២២ ខែមេសាដើម្បីអបអរស៊ីហ្គេមលើកទី២៩ ដែលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ។

សូមបញ្ជាក់ថា ពិធីរត់នេះធ្វើឡើងក្រោមការឯកភាពគ្នារវាងរដ្ឋមន្ត្រីក្រសួងកីឡាអាស៊ានក្នុងសន្និសីទកាលពីឆ្នាំ២០១៦ កន្លងមក ដោយប្រទេសទាំងអស់ក្នុងតំបន់អាស៊ានសុទ្ធតែរៀបចំព្រឹត្តិការណ៍នេះដូចៗគ្នា ។ ក្នុងនោះដែរ រាជរដ្ឋាភិបាលម៉ាឡេស៊ីក៏បានផ្ដល់ប្រាក់ ១០.០០០ដុល្លារសម្រាប់រៀបចំព្រឹត្តិការណ៍នេះ​​​ ហើយក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ កូកាកូឡា ភេសជ្ជៈ Sponsor ក៏បានជួយឧបត្ថម្ភដល់ព្រឹត្តិការណ៍នេះដែរ ។

បើតាមការគ្រោងទុក ព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមរាប់ពាន់នាក់មិនតែប៉ុណ្ណោះអនុរដ្ឋមន្ត្រីក្រសួងកីឡាម៉ាឡេស៊ីក៏នឹងមកចូលរួមរត់ដែរ ហើយប្រសិនបើគ្មានការប្រែប្រួលទេនោះឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក៏នឹងកាន់ភ្លើងគុបសិប្បនិម្មិតចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះដែរ ។ ព្រឹត្តិការណ៍នេះនឹងចេញដំណើរពីមុខស្ថានទូតម៉ាឡេស៊ីមកបញ្ចប់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកវិញ ៕

តាមការឲ្យដឹង គិតមកទល់ពេលនេះមានយុវជនជាច្រើនបានចុះឈ្មោះចូលរួមរត់ មិនតែប៉ុណ្ណោះតំណាងស្ថានទូតនៃបណ្ដាប្រទេសអាស៊ាន តំណាងក្រសួងមន្ទីរនានា ក៏ដូចជាសិស្សានុសិស្សជាច្រើនក៏នឹងចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះដែរ ។ លោក Norjufri Nizar Edrus តំណាងស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជាបានពន្យល់ថា BATON គឺជាដំបងភ្លើងសិប្បនិម្មតដែលគេកាន់ដើម្បីរត់ ហើយដំបងនេះនឹងត្រូវប្រគល់បន្តដល់តំណាងស្ថានទូតនៃប្រទេសឥណ្ឌូនេស៊ីដែលគេនឹងរៀបចំព្រឹត្តិការណ៍ BATON-RUN នេះនៅថ្ងៃទី៣០ ខែមេសាបន្ទាប់ពីកម្ពុជា ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ