លីគកំពូលកម្ពុជាសប្ដាហ៍នេះសម្រាក តែចូលវិញមានជំនួបដ៏កក្រើក ២ប្រកួត

ភ្នំពេញ៖ យោងតាមកម្មវិធីប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានឲ្យដឹងថា ចុងសប្ដាហ៍នេះ មិនមានការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មីនោះទេ ដោយសារត្រូវសម្រាកអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០១៧ ប៉ុន្ដែនឹងប្រកួតធម្មតាឡើងវិញ នាចុងសប្ដាហ៍ក្រោយ ហើយថែមទាំងមានការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ចំនួន ២គូទៀតផង រួមមានក្រុមព្រះខ័នរាជស្វាយរៀង ប៉ះក្រុមក្រសួងការពារជាតិ និងក្រុមបឹងកេតអង្គរ ជួបក្រុមណាហ្គាវើល ។

ជំនួបដ៏កក្រើកនេះ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមេសាខាងមុខ ហើយក្រុមជើងខ្លាំង ៤ក្រុមខាងលើ សុទ្ធតែជាក្រុមលំដាប់ Top-4 ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង និងមាន ១៩ពិន្ទុ ត្រូវជួបក្រុមឈរលេខរៀងទី២ គឺក្រុមក្រសួងការពារជាតិ ដែលមាន ១៧ពិន្ទុក្នុងដៃ ។ នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមទាំងពីរ ដើម្បីការពារ និងប្រជែងកៅអីកំពូលតារាងពិន្ទុបណ្ដោះអាសន្ដ នៃការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៨ នាពេលខាងមុខ ។

ដោយឡែកក្រុមការពារតំណែងជើងឯកបឹងកេតអង្គរ ដែលកំពុងឈរលេខ៣ មាន ១៤ពិន្ទុ ត្រូវជួបក្រុមណាហ្គាវើល ឈរលេខ៤ និងមាន ១២ពិន្ទុ ។ ការប្រកួតនេះក៏មិនធម្មតាដែរ ព្រោះក្រុមទាំងពីរសុទ្ធតែត្រូវការ ៣ពិន្ទុរៀងៗខ្លួន ដើម្បីពង្រឹងកៅអី Top-4 តែបើសិនក្រុមណាចាញ់ ត្រូវប្រឈមនឹងការខ្ចាតចេញពីកៅអី Top-4 ប្រសិនគូប្រជែងដ៏សំខាន់មួយទៀត គឺក្រុមភ្នំពេញក្រោន ដែលកំពុងកាន់ ១១ពិន្ទុឈរលេខរៀងទី៥ មានលទ្ធភាពយកបាន ៣ពិន្ទុពីការប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជា នៅថ្ងៃជាមួយគ្នានោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ