ក្រុមកីឡាប៉េតង់កម្ពុជាចេញទៅប្រកួតជើងឯកពិភពលោកនៅប៊ែលហ្ស៊ិក

ភ្នំពេញ៖ យប់ថ្ងៃទី១០ ខែមេសាសហព័ន្ធប៉េតង់កម្ពុជាបានបញ្ជូនកីឡាករ ២រូប និងកីឡាការិនី២រូប ទៅចូលរួមប្រកួតកីឡាជើងឯកពិភពលោកនៅប្រទេសប៊ែលហ្ស៊ីក ហើយបើតាមការឲ្យដឹងពីលោកសូម៉ៃ សុខគា ដែលជាអគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបាននិយាយឲ្យដឹងថាលោកហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាជាអ្នកដឹកនាំទៅចូលរួមការប្រកួត ចំណែកការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ។

លោក អ៊ឹម ផាត ដែលជាគ្រូបង្វឹកបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកនៅប្រទេសប៊ែលហ្សិកមានប្រទេសចូលរួមជាង ៤០ប្រទេសហើយកាលប្រកួតកន្លងទៅមានប្រទេសចូលរួមជាង ៤៦ ឯណោះ ។ ចំពោះកីឡាករកីឡាការិនីដែលត្រូវទៅចូលរួមប្រកួតនោះមាន កីឡាករ សុខ ច័ន្ទមាន និងកីឡាករញ៉ែម បូរ៉ា រីឯកីឡាការិនី អ៊ុក ស្រីមុំ និងស្រ៊ាង សុរ៉ាឃីម។ 

លោកបានបន្តថា ក្នុងការចូលរួមលើកនេះលោកមានក្តីសង្ឃឹមគ្រប់វិញ្ញាសាទាំងអស់ថានឹងទទួលបានមេដាយ មិនថាផ្នែកឯកត្តជនបុរសនារី, វាយគូបុរសនារី និងវិញ្ញាសាវាយគូចម្រុះ បុរសនារី ឡើយ។ ចំពោះប្រទេសដែលជាឧបសគ្គសម្រាប់កម្ពុជា គឺប្រទេសបារាំង ថៃ ម៉ាដាឡាស្ការ សេណេហ្គាល ប៊ែលហ្សិក និងប្រទេសអ៊ីតាលី ប្រសិនបើយើងអាចយកឈ្នះប្រទេសនោះបាន នោះក្រុមកម្ពុជាពិតជាទទួលបានមេដាយមាសជាក់ជាមិនខាន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ