មនុស្សជាង ៥ មុឺននាក់នឹងចូលរួមទស្សនាជំនួបរវាង ប៉ាក់គីអាវ នឹងជើងខ្លាំងអូស្ត្រាលី Jeff Horn

អូស្ត្រាលី៖ ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao នឹងបង្ហាញខ្លួនលើសង្វៀននាអំឡុងខែកក្កដា ខាងមុខនេះដោយត្រូវជួបជាមួយអ្នកប្រយុទ្ធ Jeff Horn នៅកីឡដ្ឋាន Suncorp Stadium ក្នុងទីក្រុង Brisbane ប្រទេសអូស្ត្រាលីដែលជាការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកដ៏ធំមួយប្រចាំឆ្នាំ២០១៧ នេះ ។ ជាមួយគ្នានេះដែរ អាជ្ញាធររដ្ឋ Queensland ក៏បានត្រៀមរៀបចំកៅអីប្រមាណជាជាង ៥៥០០០ សម្រាប់ទស្សនិកជនចូលរួមទស្សនាផងដែរ ។


ក្នុងវ័យ ៣៨ឆ្នាំស្តេចប្រដាល់មាឌល្អិត Pacquiao មានកំណត់ត្រាមួយដ៏ល្អដោយធ្លាប់បានឈ្នះ ៥៩លើក ចាញ់ ៦លើក និងស្មើ  ២លើកក្នុងការប្រកួតសរុបចំនួន ៦៧ ព្រមទាំងកំពុងក្តោបក្តាប់ខ្សែក្រវាត់ចំនួន ៨នៅក្នុងដៃ ។ ចំណែឯកីឡាករវ័យ ២៩ឆ្នាំ Jeff Horn វិញក៏មិនអន់ដែរដោយមានកំណត់ត្រាប្រកួតឈ្នះចំនួន ១៧លើក មិនធ្លាប់ចាញ់ និងស្មើ ១ដងនៅក្នុងការប្រកួតទាំង ១៨លើករបស់ខ្លួន ។

អ្នកប្រដាល់ស្រករក្រោយរូបនេះបានលើកឡើងថា៖ « ខ្ញុំអាចនិយាយដោយភាពប្រាកដនិយមថា នៅទីបំផុតការប្រកួតដ៏ធំនេះនឹងកើតឡើងពិតមែន! ហើយអ្នកគ្រប់គ្នានឹងបានឃើញយើងទាំង ២នាក់នៅលើសង្វៀននាថ្ងៃទី២ ខែកក្កដា ខាងមុខនេះ មួយវិញទៀតខ្ញុំគិតថា Pacquiao នឹងជួបការលំបាកក្នុងការប្រកួតនេះ ហើយសង្ឃឹមថាគេនឹងអាចទ្រាំទ្របានចំពោះការវាយលុករបស់ខ្ញុំ ដោយខ្ញុំនឹងវាយគេឲ្យចំគោលដៅ! ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះ​ ទាំងបច្ចេកទេស និងកម្លាំង ព្រោះខ្ញុំនៅក្មេងជាង ដូួច្នេះត្រឹមអាយុក្រោម ៣០ ខ្ញុំយល់ថាខ្ញុំនឹងធ្វើបានល្អជាងដៃគូ!» ៕

អត្ថបទ៖ មករា

ប្រភព៖ ESPN និង Sport Sanook

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ