លីគកំពូលកម្ពុជា៖ មូលហេតុចម្បងដែលនាំឲ្យភ្នំពេញក្រោន ចាញ់វេស្ទើន ដល់ទៅ ៣-១

ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានរបូត ៣ពិន្ទុស្ទើរមិនគួរឲ្យជឿ ក្រោយប្រកួតចាញ់ក្រុមភ្ញៀវវេស្ទើនភ្នំពេញដោយលទ្ធផល ៣-១ ក្នុងសប្ដាហ៍ទី៧ នៃលីគកំពូលកម្ពុជា រដូវកាលថ្មីកាលពីចុងសប្ដាហ៍កន្លងទៅ ។ ទន្ទឹមជាមួយគ្នានេះ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានបង្ហាញពីមូលហេតុចម្បងមួយចំនួន នៃការបរាជ័យក្រោមថ្វីជើងក្រុមកំពុងឈរចំណាត់ថ្នាក់លេខ៨ នេះផងដែរ ។
លោក Oleg Starynskyi បាននិយាយថា៖ «បាល់ទាត់គឺជាល្បែងចិត្តសាស្ត្រមួយ! បន្ទាប់ពីបាននាំមុខគូប្រកួត ១-០ រួចមកយើងក៏បានបាត់បង់ឱកាសជាបន្តបន្ទាប់ ជាពិសេសទំនុកចិត្ត និងស្មារតីក្រុមក៏ត្រូវថយចុះជាលំដាប់ ហើយក្រុមវេស្ទើនបានពង្រឹងខ្លាំងឡើងៗ ខណៈកូនក្រុមរបស់យើងបានបង្កើតឡើងនូវកំហុសធំៗជាច្រើន ដែលបានបណ្តាលឲ្យគ្រាប់បាល់ ២គ្រាប់ត្រូវរបូតទៅបាន ។ កំហុសឆ្គងបាននាំឲ្យគូប្រកួតកាន់តែមានឱកាសច្រើនឡើងៗ ចំណែកក្រុមរបស់យើងក៏ត្រូវបាត់បង់ភាពរឹងមាំ ហើយមិនអាចស្តារស្ថានភាពឱ្យប្រសើរបានឡើយ» ។

«ហេតុនេះកាលានុវត្តភាពត្រូវបានបញ្ចប់ ព្រោះឱកាសស្វែងរកគ្រាប់បាល់ជាច្រើនបានកន្លងហួសទៅហើយក្នុងនោះយើងបានខុសឆ្គងត្រង់ការបណ្តោយឱ្យគូប្រកួតនាំមុខមុនដល់ទៅ ២-១ ក្នុងវគ្គទី១ ។ ខ្ញុំយល់ថា យើងត្រូវពង្រឹងប្រព័ន្ធប្រយុទ្ធឡើងវិញ ព្រោះនាពេលកន្លងមកយើងបានបង្កើតឱកាសដែលអាចរកគ្រាប់បាល់បាន ប៉ុន្តែយើងនៅតែមិនអាចទាត់បញ្ចូលទីតាមការគ្រោងទុកឡើយ វាជាហេតុផលដែលនាំឲ្យយើងបាត់បង់ពិន្ទុនៅទីបញ្ចប់» ។ នេះជាការបញ្ជាក់បន្ថែមរបស់គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនខាងលើ ។

គួរបញ្ជាក់ថា ជាបណ្ដោះអាសន្នអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន បានធ្លាក់មកឈរលេខរៀងទី៥ និងមាន ១១ពិន្ទុជាមួយលទ្ធផល ៧ប្រកួតឈ្នះ៣ ស្មើ២ និងចាញ់២ ។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង និងមាន ១៩ពិន្ទុ, ក្រុមក្រសួងការពារជាតិ ឈរលេខរៀងទី២ និងមាន ១៧ពិន្ទុ ខណៈក្រុមបឹងកេតអង្គរ ឈរលេខរៀងទី៣ និងមាន ១៤ពិន្ទុ រួមទាំងក្រុមណាហ្គាវើល ឈរលេខរៀងទី៤ និងមាន ១២ពិន្ទុ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ