ជើងខ្លាំងកម្ពុជា ៣ រូប នឹងបង្ហាញខ្លួនលើសង្វៀន CNC សប្ដាហ៍នេះ

ភ្នំពេញ៖ ការប្រកួតប្រដាល់លើសង្វៀន CNC នាថ្ងៃទី៨ ខែមេសានេះនឹងមានវត្តមានកីឡាករល្បីៗដែលសុទ្ធតែជាជើងខ្លាំងនៅក្នុងពិភពប្រដាល់កម្ពុជាដោយពួកគេនឹងត្រូវប្រកួតជាមួយដៃគូបរទេសដើម្បីបង្អួតសមត្ថភាពរៀងៗខ្លួន ។ ក្នុងនោះអ្នកប្រដាល់យ៉េន ឌីណា មកពីក្លិបអប្សរាគុនខ្មែរត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Phit Phayak Phitshurath ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។


តាមពិតទៅមួយរយៈនេះ ឌីណាហាក់ដូចជាមានការស្រុតចុះច្រើនដោយសារតែការប្រកួតរបស់គេភាគច្រើនជួបបរាជ័យដោយសារតែគេក្លាយជាខ្លាត្រូវម្ចាស់ឃុំទុកក្នុងទ្រុងមិនឲ្យប្រកួតម្ល៉ោះហើយនៅពេលមានឱកាសប្រកួតម្ដងៗគេបែរជាវ៉ៃមិនចេញតែម្ដង ។ យ៉ាងណាក៏ដោយ ប្រវត្តិប្រកួតរបស់គេពិតជាល្អណាស់គឺឈ្នះចំនួន ៦៤ដង ចាញ់៤ដង និងស្មើពិន្ទុ ២ដងក្នុងនោះវាយគូប្រកួតឲ្យសន្លប់បាន១៣ដង ។ ចំពោះអ្នកប្រដាល់ថៃ Phayak Phitshurath វិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ដោយគេមានប្រវត្តិប្រកួតចំនួន៩៦ដង ឈ្នះ៧១ដង ចាញ់២០ដងស្មើពិន្តុ ៥ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១០ដង ។

ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់រជ្ជកាលទី៧ វិញ​នាគខ្មៅ ឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវជួបជាមួយអ្នកប្រដាល់ថៃ Mongkhunphit Naya Parkiv ។ ឌីម៉ាដែលមានប្រវត្តិប្រកួតចំនួន ៦៦ដង ឈ្នះ ៥៧ដង ចាញ់ ៦ដង ស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យសន្លប់បាន ២០ដងហើយក្នុងព្រឹត្តិការណ៍នេះរូបគេឈ្នះបាន ១ ប្រកួតហើយ ។ ចំពោះ Mongkhunphit Naya Parkiv ដែលមានប្រវត្តិប្រកួតចំនួន ១១០ដង ឈ្នះ ៩០ដង ចាញ់ ១៦ដងស្មើពិន្ទុ ៤ដង និងមានប្រវត្តិផ្ដួលគូប្រកួតឲ្យសន្លប់បាន ១៩ដង នោះមួយប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះទទួលបរាជ័យ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Fanimit Viriyak Farm ។ កែវដាមានប្រវត្តិប្រកួតចំនួន ៣១ដង ឈ្នះ ២៦ដង ចាញ់ ៥ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១២ដង ហើយមួយប្រកួតតរបស់គេក្នុងព្រឹត្តិការណ៍នេះបានទទួលជ័យជម្នះ ។ ចំពោះអ្នកប្រដាល់ថៃ Fanimit Viriyak Farm វិញមានប្រវត្តិប្រកួតចំនួន១៨៥ដង ឈ្នះ១៣២ដងចាញ់៥០ដងស្មើពិន្តុ ៣ដង និងវាយគុប្រកួតឲ្យសន្លប់បាន៤០ដង នោះមួយប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះជួបនឹងបរាជ័យ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ