លោក សំ វ៉ាន់ដេត៖ ស្វាយរៀងមកទាន់ដល់ពេលត្រូវទម្លាក់ជើងឡើយ!

ភ្នំពេញ៖ ស្របពេលក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងពិន្ទុបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា រដូវកាលថ្មីពិតមែន ប៉ុន្ដែលោក សំ វ៉ាន់ដេត ដែលជាគ្រូបង្វឹក បានជំរុញកូនក្រុមឲ្យខំប្រឹងបន្ដស្វែងរកជ័យជម្នះជានិច្ច ដើម្បីរក្សាកៅអី ៤ក្រុមចុងក្រោយ(T0p-4) ដោយមិនទាន់ដល់ពេលត្រូវទម្លាក់ជើង ឬបន្ធូបន្ថយដល់ក្រុមណាមួយ ខណៈការប្រកួតទើបបញ្ចប់ ៦សប្ដាហ៍នោះទេ ។
លោក សំ វ៉ាន់ដេត បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោមបញ្ចប់ការប្រកួតមិត្តភាពមួយ កាលពីពេលថ្មីៗកន្លងទៅថា ថ្វីត្បិតព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងពិន្ទុបណ្ដោះអាសន្នមែន ប៉ុន្ដែការប្រកួតមិនទាន់បានពាក់កណ្ដាលទីនោះទេ ដូច្នេះក្រុមលោកត្រូវខំប្រឹងបន្ថែមទៀត រហូតរកបានពិន្ទុខ្ពស់ដាច់ឆ្ងាយពីគូប្រជែងផ្សេងៗ ហើយអាចរក្សាកៅអី To-4 បាន ទើបលោកអាចឲ្យកីឡាករសំខាន់ៗមួយចំនួនសម្រាកបាន ។
គួរបញ្ជាក់ថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងកាន់ ១៦ពិន្ទុក្នុងដៃ ដោយ ៦ប្រកួតឈ្នះ៥ និងស្មើ១ មិនទាន់ស្គាល់ចាញ់ ហើយដេញតាមពីក្រោយដោយក្រុមក្រសួងការពារជាតិមាន ១៤ពិន្ទុឈរលេខរៀងទី២ ក្រោយឈ្នះ៤ និងស្មើ២ មិនទាន់ស្គាល់ចាញ់ដូចគ្នា ។ រីឯក្រុមភ្នំពេញក្រោន និងក្រុមបឹងកេតអង្គរ គឺឈរលេខរៀងទី៣ និងលេខ៤ ដោយមាន ១១ពិន្ទុស្មើគ្នា ជាមួយលទ្ធផលការប្រកួត ៦លើកឈ្នះ៣ ស្មើ២ និងចាញ់១ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ