ឯកសារគុនល្បុក្កតោ ត្រូវបានបញ្ជូនទៅអង្គការ UNESCO ជាផ្លូវការហើយ!

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមីនា កន្លងទៅថ្មីៗនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជូនឯកសារនានាស្ដីពីគុនល្បុក្កតោទៅអង្គការយូណេស្កូដើម្បីសុំបញ្ចូលក្បាច់គុនដ៏ចំណាស់នេះទៅជាសម្បត្តិវប្បធម៌អរូបិយសម្រាប់មនុស្សជាតិ ។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ឯកសារដែលបានបញ្ជូនទៅនោះមានចំនួន ៥គឺការបំពេញទម្រង់បែបបទ វីដេអូខ្លីស្ដីពីសកម្មភាពគុនល្បុក្កតោ រូបថតចំនួន ១០សន្លឹកស្ដីពីការសម្តែងខ្លីៗ ដែលមានអត្ថន័យគ្រប់ជ្រុងជ្រោយនៃគុនល្បុក្កតោ និង លិខិតគាំទ្ររបស់ចលនាសង្គម សហគមន៍ ក៏ដូចជាអង្គភាពផ្សេងៗដែលគាំទ្រឲ្យមានការចុះបញ្ជីគុនល្បុក្កតោទៅជាសម្បត្តិវប្បធម៌អរូបិយរបស់មនុស្សជាតិ ។

តាមការគ្រោងទុក ប្រសិនបើក្នុងឆ្នាំក្រោយគុនល្បុក្កតោត្រូវបានចុះបញ្ជីជាសម្បត្តិវប្បធម៌អរូបិយរបស់មនុស្សជាតិមែននោះ អង្គការយូណេស្កូនឹងការពារអភិរក្សព្រមទាំងជួយសង្គ្រោះដល់គុនល្បុក្កតោជាក់ជាមិនខាន ។ លោកវ៉ាត់ ចំរើន បានបន្ថែមថា មុននឹងបញ្ជូនទៅអង្គការយូណេស្កូ ឯកសានានាស្ដីពីគុនល្បុក្កតោត្រូវបានត្រួតពិនិត្យ និងកែសម្រួលដោយអ្នកជំនាញនៃក្រសួងវប្បធម៌ វិចិត្រសិល្បៈ រួមទាំងអ្នកជំនាញខាងបិតិកភណ្ឌរបស់អង្គការយូណេស្កូប្រចាំនូវកម្ពុជាទៀតផង ។

ជាមួយគ្នានេះ ក្នុងឋានៈជាប្រធានសហព័ន្ធគុនល្បុក្កតោផងដែរនោះ លោក វ៉ាត់ ចំរើនគឺជាអ្នកទំនាក់ទំនង និងបញ្ជូនឯកសារផ្ទាល់ទៅអង្គការយូណេស្កូ ហើយលោកបានបញ្ជាក់ថាលោកបានត្រៀមការងារនេះអស់រយៈពេល ៤ ឆ្នាំហើយ ពោលគឺតាំងពីឆ្នាំ២០១៣ មកម្ល៉េះដោយអ្វីៗទាំងអស់គឺបានដោយការស្រាវជ្រាវរួមគ្នារវាងគ្រូចាស់ៗដែលនៅសេសសល់ និងអ្នកជំនាន់ថ្មីនេះតែម្ដង ។

គួរបញ្ជាក់ថា បន្ទាប់ពីគុនល្បុក្កតោ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏ត្រៀមនឹងបញ្ចូនអុកចត្រង្គ និងចំបាប់បូរាណ ទៅអង្គការយូណេស្កូបន្តទៀតដើម្បីសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបិយសម្រាប់មនុស្សជាតិដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ