ការពារជាតិកំពុងរកអ្នកថ្មី មកជំនួសតំណែងកីឡាករប្រេសុីល

ភ្នំពេញ៖ បន្ទាប់ពីបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពជាតិ-អន្ដរជាតិ តែមិនទាន់បានជួយក្លឹបក្រសួងការពារជាតិក្នុងយុទ្ធនាការប្រកួតជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មីស្រួលបួលផង ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលកីឡាករ Leandro Brasileiro បានចាកចេញពីក្រុមជើងឯករងឆ្នាំចាស់នេះទៅហើយ ។ នេះបើតាមការឲ្យដឹងពីលោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ ។

លោក ទេព ឡុងរចនា បានឲ្យដឹងថា ការចាកចេញរបស់ Leandro Brasileiro គឺដោយសារបញ្ហារបួសឆ្អឹងជំនីរបស់គេ ដែលត្រូវប្រើរយៈពេលវែង ដើម្បីព្យាបាល ។ ប៉ុន្ដែដោយសារក្លឹប និងកីឡាករប្រេស៊ីលរូបនេះ មិនទាន់មានកុងត្រានឹងគ្នានៅឡើយ ភាគីទាំងពីរក៏សម្រេចចែកផ្លូវគ្នារៀងៗខ្លួន ហើយបច្ចុប្បន្នលោកកំពុងសម្លឹងរកកីឡាករបរទេសថ្មី មកជំនួសកន្លែងរបស់គេ ដើម្បីបន្ដយុទ្ធនាការប្រកួតលីគកំពូលកម្ពុជា ដែលទើបតែបញ្ចប់សប្ដាហ៍ទី៦  ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងការពារជាតិ គឺមានកីឡាករបរទេស ៤រូប ដែលសុទ្ធតែជាកីឡាករកូរ៉េខាងជើង ។ សម្រាប់លទ្ធផលប្រកួតបើកឆាក ៦សប្ដាហ៍កន្លងទៅ ក្រុមរហស្សនាម “ទ័ព” នេះ កំពុងឈរលេខរៀងទី២ និងមាន ១៤ពិន្ទុជាបណ្ដោះ ក្រោយឆ្លងកាត់ ៦ប្រកួតឈ្នះ៤ និងស្មើ២ ដេញតាមពីក្រោយក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរកំពូលតារាង និងមាន ១៦ពិន្ទុជាមួយលទ្ធផល ៦ប្រកួតឈ្នះ៥ និងស្មើ១ មិនស្គាល់ចាញ់ដូចគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ