សម្តេចហ៊ុន សែន៖ «ឈ្នះចាញ់គឺជារឿងធម្មតា ដូច្នេះសូមកីឡាករទាំងអស់គោរពក្រមសីលធម៌កីឡាឲ្យបានល្អ!»

ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលមហាគ្រួសារកីឡាកម្ពុជានាទីក្រុងរណបកោះពេជ្រកាលពីល្ងាចថ្ងៃទី៤ ខែមេសា ម្សិលមិញរួចមក សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្ត ក៏ដូចជាផ្តល់នូវអនុសាសន៍មួយចំនួនដល់អត្តពលិកប្រមាណជាជាង ៣ពាន់នាក់ដែលមានវត្តមានចូលរួមនៅក្នុងពិធីនេះ ។

បន្ទាប់មកទៀត សម្តេចតេជោបានសរសេរនៅលើហ្វេសប៊ុកផេករបសើសម្តេចដែលមានខ្លឹមសារទាំងស្រុងថា៖ «នៅល្ងាចថ្ងៃនេះ ខ្ញុំសប្បាយរីករាយណាស់ ដែលមានកិត្តិយសបានមកទទួលទានអាហារជាមួយបងប្អូនកីឡាករកីឡាការិនី និងគ្រូបង្វឹកជាង ៣,០០០ នាក់នៅកោះពេជ្រ។ នេះជាការជួបជុំដ៏ពិសេសបំផុតដែលខ្ញុំសង្ឃឹមថា កម្មវិធីជួបជុំមហាគ្រួសារបែបនេះនឹងធ្វើជារៀងរាល់ឆ្នាំ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋដែលបានគាំទ្រវិស័យកីឡាជាតិ និងសូមអរគុណកីឡាករ កីឡាការិនី ដែលបានខិតខំហ្វឹកហាត់នាំមកនូវជោគជ័យ និងមេដាយជូនជាតិកាន់តែច្រើនឡើងៗ។ ខ្ញុំក៏សូមអរគុណគ្រូបង្វឹកទាំងអស់ដែលបានខិតខំបង្វឹកដល់កីឡាករកីឡាការិនីកម្ពុជាឲ្យកាន់តែមានសមត្ថភាពខ្ពស់ឡើង។ ឈ្នះចាញ់គឺជារឿងធម្មតា ដូច្នេះសូមកីឡាករទាំងអស់គោរពក្រមនសីលធម៌កីឡាឲ្យបានល្អ ហើយប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីដណ្តើមមេដាយជូនជាតិនៅក្នុងការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ខាងមុខ។ ខ្ញុំ និងភរិយាសូមជូនពរបងប្អូនប្រជាពលរដ្ឋ និងកីឡាករកីឡាការិនីទូទាំងប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ។ »

គួររំលឹកថា ក្រៅពីការផ្តល់ប្រាក់រង្វាន់ដល់កីឡាករ កីឡាការិនីដែលដណ្តើមបានមេដាយពីព្រឹត្តិការណ៍ប្រកួតនានាលើឆាកជាតិ និងអន្តរជាតិហើយនោះ សម្តេចតេជោក៏បានលើកទឹកចិត្ត​ និងជំរុញឲ្យថ្នាក់ដឹកនាំកីឡា ពិសេសក្រសួងអប់រំ យុវជន និងកីឡាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល រួមទាំងគណៈកម្មការជាតិអូឡាំពិកម្ពុជា និងសហព័ន្ធកីឡាជាតិទាំងអស់អនុវត្តនូវគោលនយោបាយកែទម្រង់ដើម្បីពង្រឹងលើប្រសិទ្ធភាពដឹកនាំ ព្រមទាំងគុណភាព និងសមត្ថភាពរបស់អត្តពលិកដើម្បីឈានទៅរកជ័យជម្នះ និងកិត្តិយសជាតិពីការប្រកួតនានាទាំងកម្រិតតំបន់​ ឬកម្រិតសកលលោក ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ