លីគទី២៖ ក្រុមរបស់ Honda បានត្រឹមចែក ១ពិន្ទុម្នាក់ជាមួយសាលាបាល់ទាត់ជាតិ

ភ្នំពេញ៖ ជំនួបដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់ក្របខណ្ឌលីគលំដាប់ទី២ របស់កម្ពុជាកាលពីម្សិលមិញ គឺក្រុមម្ចាស់ផ្ទះ Soltilo Angkor FC ដែលដឹកនាំដោយតារាបាល់ទាត់លំដាប់ពិភពលោកកីឡាករ Keisuke Honda បានប្រកួតស្មើក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដោយលទ្ធផល ២-២ ដើម្បីចែកគ្នា ១ពិន្ទុម្នាក់ប៉ុណ្ណោះ ។
សម្រាប់គ្រាប់បាល់របស់ក្រុម Soltilo Angkor FC គឺធ្វើសម្រេចដោយកីឡាករ ស៊ឹង ណារិទ្ធ និងកីឡាករ តាំង ពិសី ។ ចំណែក ២គ្រាប់ក្រុមយុវជនគ្រប់គ្រងដោយសហព័ន្ធកីឡាបាល់ទាត់វិញ រកបានដោយកីឡាករ សៀវ  ចន្ធា ទាំង ២គ្រាប់តែម្ដង ។ តាមរយៈលទ្ធផលនេះ បានធ្វើឲ្យអតីតក្រុមសៀមរាបអង្គរនេះមាន ៤ពិន្ទុក្នុងដៃជាមួយការប្រកួតឈ្នះ១ និងស្មើ១ ខណៈក្រុមយុវជនសាលាបាល់ទាត់ជាតិមាន ៤ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ ។
 
គួរបញ្ជាក់ថា លីគលំដាប់ទី២ ឆ្នាំ២០១៧នេះ បានចាប់ផ្ដើមការប្រកួតជើងទី១ តាំងពីថ្ងៃទី២៦ ខែមីនាមកម្លេះ ដោយមាន ៨ក្រុមចូលរួម ដូចជាក្រុមវិសាខា, Soltilo Angkor FC, យុវជនសាលាបាល់ទាត់ជាតិបាទី, ស្វាយរៀង, កំពង់ឆ្នាំង, កំពង់ចាម, កំពង់ស្ពឺ និងក្រុមយុវជនក្រសួងការពារជាតិ ហើយជាបណ្ដោះអាសន្នក្រុមវិសាខា មកពីខេត្តព្រៃវែង កំពុងឈរកំពូលតារាង និងមាន ៦ពិន្ទុពេញ ក្រោយទទួលជ័យជម្នះ ២ប្រកួតជាប់ៗគ្នាកន្លងទៅ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ