សឿត បារាំង បំបែកកំណត់ត្រាជាកីឡាករដែលមានវ័យក្មេងជាងគេក្នុងវគ្គជម្រុះ​ AFC Asian Cup

ភ្នំញេញ៖ ក្រៅពីជាសមាជិកដែលមានវ័យក្មេងជាងគេនៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាហើយនោះ កីឡាករសឿត បារាំង ដែលមានប្រភពចេញពីក្រុមថ្នាលយុវជនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនក៏បានបំបែកកំណត់ត្រាថ្មីមួយទៀតនៅក្នុងព្រឹត្តិការណ៍ AFC Asian Cup ក្នុងនាមជាកីឡាករដែលមានវ័យក្មេងជាងគេដែលបានបង្ហាញខ្លួនក្នុងវគ្គជម្រុះនៃការប្រកួតបាល់ទាត់ដ៏ធំប្រចាំទ្វីបអាសុីនេះ ។

ក្នុងវ័យ១៨ ឆ្នាំខ្សែការពារដែលមានកំណើតនៅក្នុងខេត្តសៀមរាបរូបនេះបានបង្ហាញនូវទម្រង់លេងដ៏ល្អទាំងក្នុងពេលលេងឱ្យក្លឹបភ្នំពេញក្រោន ទាំងក្នុងក្រុមជម្រើសជាតិកម្ពុជា ។ ជាពិសេសអ្វីដែលក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ជាតិនៅតែចងចាំមិនទាន់ភ្លេចនៅឡើយនោះគឺ កីឡាកររូបនេះហើយដែលបានបិទខ្សែប្រយុទ្ធដ៏ល្បីល្បាញចាន់ វឌ្ឍនាកា​ ជិតឈឹងមិនឱ្យស្វែងរកគ្រាប់បាល់បានឡើយក្នុងជំនួបរវាងក្រុមខ្លាំងៗទាំងពីរដែលបានប្រព្រឹត្តិទៅនៅកីឡដ្ឋាន RSN កាលពីរដូវកាលឆ្នាំ២០១៦ កន្លងទៅក្រោមក្រសែភ្នែកទស្សនិកជនជាង ៤ពាន់នាក់ព្រមទាំងទទួលបានការកោតសរសើរពីសំណាក់លោកប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្គោលរបស់ក្រុមបឹងកេតអង្គរផងដែរ ។
ខ្សែការពារស្លាបដែលមានមាឌល្អិតតែចិត្តធំរូបនេះ បានធ្វើឱ្យអ្នកគាំទ្រកាន់តែពេញចិត្តខ្លាំងឡើងៗបន្ទាប់ពីបានចូលលេងពេញ ៩០នាទី​ និងបានបំពេញតួនាទីបានយ៉ាងល្អក្នុងជំនួបជាមួយក្រុមជម្រើសជាតិឥណ្ឌានៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីខែមីនាកន្លងទៅ ដោយមានទស្សនិកជនមួយចំនួនបានផ្តល់រហស្សនាមដល់រូបគេថាជា «Marcelo កម្ពុជា» ថែមទៀតផង ។

គួររំលឹកថា កីឡាករសឿត បារាំង ​បានចាប់កំណើតនៅក្នុងឆ្នាំ១៩៩៩ នៅ​ខេត្ត​សៀមរាប ​និងបានធ្វើ​តេស្ដ​ជាប់​ក្នុងឈុត​យុវជន​ដំបូង​របស់​ភ្នំពេញក្រោន​កាល​ពី​ចុង​ឆ្នាំ​២០១០​ កន្លង​ទៅ ។ បន្ទាប់មក​ត្រឹមវ័យ ​១៦​ឆ្នាំ រូបគេក៏ត្រូវបាន​ជ្រើសរើស​ឱ្យ​ចូល​លេង​ឈុត​ធំ​​ក្នុង​រដូវ​កាល​២០១៦ និងបន្តមកដល់រដូវកាលថ្មីនេះ ហើយបានធ្វើឱ្យគ្រូ​បង្វឹក​ក៏​ដូចជា​អ្នក​គាំទ្រ​ពេញ​ចិត្ត​ទម្រង់​លេង​របស់យ៉ាង​ខ្លាំង ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ