កីឡដ្ឋានធំរបស់កម្ពុជានឹងត្រូវចំណាយទឹកប្រាក់ ១៥៧លានដុល្លារអាមេរិក

ភ្នំពេញ៖  ថ្លែងនៅក្នុងពិធីបុកគ្រឹះសាងសង់ពហុកីឡដ្ឋានមរតកតេជោដំណាក់កាលទី២ និងសម្ពោធសំណង់ដែលសាងសង់រួចរាល់ដំណាក់កាលទី១ នាព្រឹកនេះ ឯកឧត្តមថោងខុន រដ្ឋមន្ត្រីក្រសទេសទេសចរណ៍ និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កីឡដ្ឋានធំ Main Stadium របស់កម្ពុជា នឹងត្រូវចំណាយទឹកប្រាក់ ១៥៧លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមបន្តថា កីឡដ្ឋានធំ Main Stadium របស់កម្ពុជា នេះ គឺទុកសម្រាប់ព្រឹត្តិការណ៍ថ្នាក់តំបន់អាស៊ាន SEA Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ខណៈដែលគម្រោងទាំង ស្រុងនឹងត្រូវបានបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២០ ខាងមុខ ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់សរុបបានចំនួន ៦០០០០នាក់។ កីឡដ្ឋានធំ “Main Stadium” សាងសង់លើផ្ទៃដីទំហំ ១៦.៤ហិកតា ចំណុះទស្សនិកជនសរុប ៦០,០០០នាក់ (៥៥,០០០នាក់ កៅអីផ្លូវការ និងកៅអីបម្រុង ៥,០០០នាក់) ប្រើប្រាស់ជាទីលានប្រកួតកីឡាបាល់ទាត់ កីឡាបាល់ឱប និងកីឡាអត្តពលកម្ម។ នៅក្នុងអគារកីឡដ្ឋានធំមានរៀបចំតាមទស្សនាទានហេដ្ឋារចនាសម្ព័ន្ធកីឡាទំនើបដូចជា៖ សណ្ឋាគារចំនួន ៣៤បន្ទប់, ហាងលក់ទំនិញ សំលៀកបំពាក់ ឧបករណ៍ សម្ភារៈកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗ, មានបំពាក់កន្លែងកម្សាន្តកុមារ, មានសាលហាត់កីឡាមួយចំនួនក្រោមអាគារធំ។ លក្ខណៈពិសេសរបស់កីឡដ្ឋានធំនេះ គឺមានច្រកសុវត្ថិភាពជាច្រើន ដែលអាចរំដោះមនុស្ស ៦០,០០០នាក់ ក្នុងរយៈពេលតែ ៧នាទី ប៉ុណ្ណោះ។

លោកបន្តថា សម្រាប់ដំណាក់កាលទី៣វិញ ជាដំណាក់កាលបញ្ចប់ (ត្រៀមសាងសង់បន្ថែមឱ្យគ្រប់ប្រភេទកីឡាអូឡាំពិកសំខាន់ៗ ក្នុងកម្មវិធីការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ប៉ុន្តែពុំទាន់មានគម្រោងថវិកានៅឡើយ) ដោយត្រូវសាងសង់សាល ឬ ទីលានកីឡាចាំបាច់មួយចំនួនដូចជា៖ ទីលានប្រកួតកីឡាវាយកូនបាល់ Tennis ខ្នាតអន្តរជាតិ, ទីលានកីឡាហុកគីក្នុងសាល (Indoor-Hockey), ទីលានកីឡាបាញ់កាំភ្លើងក្នុងសាល (Indoor Shooting Range) , អគារស្នាក់នៅបន្ថែមសម្រាប់កីឡាករ និងគ្រូបង្វឹកចំនួន ៣០០នាក់ ។

ព្រមជាមួយនេះ ដើម្បីឱ្យការហ្វឹកហាត់ និងការប្រកួតកីឡាស៊ីហ្គេមមានភាពងាយស្រួលក្នុងការគ្រប់គ្រង រក្សាសនិ្តសុខ សុវត្ថិភាព ពិសេសភាពងាយស្រួលក្នុងការត្រួតពិនិត្យការស្នាក់នៅ របបហូបចុក តាមទស្សនទានកីឡានឹងត្រូវបានរៀបចំជាបូរីកីឡាមួយ (Sport Village) សម្រាប់កីឡាករចំនួន ៥,០០០នាក់ និងគ្រូបង្វឹក ២,០០០នាក់ (អាចជាការវិនិយោគរបស់ឯកជនក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោនេះ)៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ