លីគទី២៖ ក្រុមបាល់ទាត់ Honda ប៉ះសាលាបាល់ទាត់ជាតិរសៀលនេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់ Soltilo Angkor FC ដែលស្គាល់ជាក្រុមថ្មីដឹកនាំដោយតារាបាល់ទាត់ល្បីលំដាប់ពិភពលោកកីឡាករ Keisuke Honda នឹងត្រូវបើកទ្វារកីឡដ្ឋានខេត្តសៀមរាបទទួលក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីនាវេលាម៉ោង ៣រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ នៃជំនួបជើងទី១ ពានរង្វាន់ក្របខណ្ឌលីគលំដាប់ទី២ របស់កម្ពុជា ។
នេះគឺជាការប្រកួតទី២ របស់ក្រុម Soltilo Angkor FC ខណៈប្រកួតទី១ ក្រុមរបស់កីឡាករក្លឹប AC-Milan នេះ បានយកឈ្នះលើក្រុមជម្រើសខេត្តកំពង់ឆ្នាំង ១-០ ។ ចំណែកក្រុមយុវជនសាលាបាល់ទាត់ជាតិវិញ នេះគឺជាការប្រកួតទី៣ របស់ខ្លន បន្ទាប់ពីបើកឆាក ២ប្រកួតឈ្នះ១(ឈ្នះក្រុមខេត្តកំពង់ឆ្នាំង ៣-០) និងចាញ់១(ចាញ់ក្រុមវិសាខាអែហ្វស៊ី ៣-១) ។
គួរបញ្ជាក់ថា លីគលំដាប់ទី២ ឆ្នាំ២០១៧នេះ បានចាប់ផ្ដើមការប្រកួតជើងទី១ តាំងពីថ្ងៃទី២៦ ខែមីនាមកម្លេះ ដោយមាន ៨ក្រុមចូលរួម ដូចជាក្រុមវិសាខា, Soltilo Angkor FC, យុវជនសាលាបាល់ទាត់ជាតិបាទី, ស្វាយរៀង, កំពង់ឆ្នាំង, កំពង់ចាម, កំពង់ស្ពឺ និងក្រុមយុវជនក្រសួងការពារជាតិ ហើយជាបណ្ដោះអាសន្នក្រុមវិសាខា មកពីខេត្តព្រៃវែង កំពុងឈរកំពូលតារាង និងមាន ៦ពិន្ទុពេញ ក្រោយទទួលជ័យ ២ប្រកួតជាប់គ្នាកន្លងទៅ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ