AFC Cup៖ តើបឹងកេត អាចយក ៣ពិន្ទុពីក្រុមជើងខ្លាំងមីយ៉ាន់ម៉ាបានទៀតទេ?

ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអង្គរ បានធ្វើដំណើរទៅដល់ទីក្រុងយ៉ាំងហ្គោនហើយ ដើម្បីត្រៀមប្រកួតជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា គឺក្រុម Magwe FC នៅក្នុងពូលF នៃវគ្គជម្រុះពានរង្វាន់ AFC Cup 2017 វេលាម៉ោង ៤រសៀល(ម៉ោងនៅកម្ពុជា) ថ្ងៃទី០៥ ខែមេសាស្អែកនេះ នៅកីឡដ្ឋាន Youth Training Centre ។

កាលពីជួបគ្នាជើងទី១ លើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញក្រុមបឹងកេតអង្គរ បានយកឈ្នះក្រុម Magwe FC ទាំងប្រផិតប្រផើយដោយលទ្ធផល ១-០ កាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅ ។ ដូច្នេះចាំអ៊ុតទាំងអស់គ្នា តើក្រុមជើងឯកលីគកំពូលកម្ពុជា ២ជំនាន់បឹងកេតអង្គរ អាចបន្ដយកបាន ៣ពិន្ទុពីក្រុមជើងខ្លាំងរបស់មីយ៉ាន់ម៉ាទៀត ឬក៏យ៉ាងណា?

លោក John Mcglynn គ្រូបង្វឹកក្រុមបឹងកេតអង្គរ ធ្លាប់បានលើកឡើងក្នុងសន្និសីទក្រោយចប់ការប្រកួតជើងទី១ ថា លោកមិនទាន់អស់សង្ឃឹមនោះទេ បើទោះបីបឹងកេតឆ្លងកាត់ ៣ប្រកួតទើបរកបាន ៣ពិន្ទុកដ៏ដោយ ហើយលោកនឹងព្យាយាមធ្វើឲ្យបានល្អ ដើម្បីដឹកនាំក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជានេះ កសាងកេរ្ដិ៍ឈ្មោះលើឆាកអន្ដរជាតិ ពិសេសគឺលោកនឹងជំរុញកូនធ្វើឲ្យបានល្អបន្ថែមទៀត ដើម្បីយកឈ្នះ Magwe ។

គួរបញ្ជាក់ថា សម្រាប់លទ្ធផល ៣ប្រកួតដូចគ្នាកន្លងទៅ ក្រុមបឹងកេតអង្គរប្រកួតបើកឆាកពូលF ចាញ់ក្រុម Johor Darul Ta’zim នៅក្រៅដីដោយលទ្ធផល ៣-០ និងបន្តចាញ់ Global FC ក្នុងផ្ទះដោយលទ្ធផល ២-០ មុនយកឈ្នះក្រុម Magwe ១-០ ក្នុងផ្ទះ ។ រីឯក្រុម Magwe ក្រៅពីចាញ់ក្រុមបឹងកេត គឺចាញ់ក្រុម Global FC ១-០ ក្នុងផ្ទះ និងស្មើក្រុម Johor Darul Ta’zim នៅលើទឹកដីរបស់ខ្លួន ។

នៅថ្ងៃជាមួយគ្នានោះដែរ ក្រុម Global FC របស់ហ្វីលីពីន ក៏ត្រូវបើកទ្វារកីឡដ្ឋាន Rizal Memorial ទទួលក្រុមកំពូលតារាង Johor Darul Ta’zim របស់ម៉ាឡេស៊ី នៅក្នុងជំនួបជើងទី២ ផងដែរ ខណៈជើងទី១ ក្រុម Johor បានលត់ក្រុមជើងខ្លាំងហ្វីលីពីននេះ ៤-០ ។ បច្ចុប្បន្នក្រុម Johor កំពុងឈរកំពូលតារាង និងមាន ៧ពិន្ទុ ខណៈក្រុម Global ឈរលេខ២ និងមាន ៦ពិន្ទុ រីឯក្រុមបឹងកេតឈរលេខ៣ និងមាន ៣ពិន្ទុ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ