សហព័ន្ធកីឡាអុកកម្ពុជាខិតខំពង្រឹងបច្ចេកទេសដើម្បីចេញផ្សព្វផ្សាយដល់បណ្តាប្រទេសនៅអាស៊ាន

ភ្នំពេញ៖ ក្រោយពីបានបង្កើតជារចនាសម្ព័ន្ធមួយដ៏រឹងមាំរួចរាល់ហើយនោះ សហព័ន្ធកីឡាអុកកម្ពុជាបានទទួលអនុសាសន៍ល្អជាច្រើន ពីឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងការត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣។ ឯកឧត្តមបានជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធកីឡាអុកចត្រង្គកម្ពុជារៀបចំចងក្រងឯកសារប្រវត្តិដែលពាក់ព័ន្ធកីឡានេះដាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រួតពិនិត្យដើម្បីកែប្រែនូវរាល់ចំណុចខ្វះខាតសម្រាប់រក្សាទុកជាឯកសារ ព្រោះកម្ពុជាគ្រោងយកីឡានេះចុះក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិរបស់អង្គការយូនីស្កូ។
មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបានថ្លែងប្រាប់ដល់សហព័ន្ធមួយនេះទៀតថា៖ «ឆ្នាំនេះយើងពង្រឹងផ្នែកបច្ចេកទេសផ្ទៃក្នុងឲ្យបានល្អដោយនៅឆ្នាំក្រោយអាចបញ្ជូនគ្រូយើងទៅធ្វើការបង្រៀននៅតាមប្រទេសនានា ដែលជាសមាជិកអាស៊ានរបស់យើងដើម្បីឲ្យពួកគេត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលយើងធ្វើជាម្ចាស់ផ្ទះ»។
ឯកឧត្តមបានបន្តថា៖ «ព្រោះមានប្រទេសខ្លះដូចជាមីយ៉ាន់ម៉ា ឡាវ និងថៃ ជាដើមមានរបៀបលេងស្រដៀងយើងអស់ហើយ ប៉ុន្តែនៅមានវៀតណាម ហ្វីលីពីន សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដែលគេអត់ដែលលេងកីឡាអុករបស់យើង ហេតុនេះយើងត្រូវទៅបង្ហាត់គេពីបច្ចេកទេស ឬក៏ហៅគេមកបណ្តុះបណ្តាលនៅទីនេះ អ៊ីចឹងសូមត្រៀមខ្លួនដើម្បីគោលដៅទៅស៊ីហ្គេមឆ្នាំ២០២៣ របស់យើង»។
អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ