ស្វាយរៀង និងទ័ព បន្ដមិនស្គាល់ចាញ់ក្នុងលីគកំពូលកម្ពុជាសប្ដាហ៍ទី៦

ភ្នំពេញ៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្រុមក្រសួងការពារជាតិ(ទ័ព) បានបន្ថែម ៣ពិន្ទុរៀងៗខ្លួន ដើម្បីរក្សាតំណែងក្រុមមិនទាន់ស្គាល់ពាក្យចាញ់ក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៧ សប្ដាហ៍ទី៦ ដែលទើបបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ ។

សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានវាយបកយកឈ្នះក្រុមភ្ញៀវអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ដោយលទ្ធផល ៣-២ បន្ទាប់ពីក្រុមប៉ូលិសនាំមុខ ២-០ នៅដើមតង់ទី១ ។ ជ័យជម្នះនេះ បានជួយអតីតក្រុមជើងឯកឆ្នាំ២០១៣ ព្រះខ័នរាជស្វាយរៀងបន្ដឈរកំពូលតារាង និងមាន ១៦ពិន្ទុក្នុងចំណោមការប្រកួត ៦លើកឈ្នះ៥ និងស្មើ១ ។

ចំណែកក្រុមក្រសួងការពារជាតិ ដែលជាគូប្រជែងដ៏សំខាន់របស់ក្រុមព្រះខ័នរាជស្វាយរៀងវិញ គឺបានលត់ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដោយលទ្ធផល ៦-១ នៅលើទឹកដីខ្លួន ។ ជ័យជម្នះលើក្រុមលំដាប់បាតតារាងនេះ បានធ្វើឲ្យក្រសួងការពារជាតិ បន្ដឈរលេខរៀងទី២ និងមាន ១៤ពិន្ទុ បន្ទាប់ពីបញ្ចប់ការប្រកួត ៦លើកឈ្នះ៤ និងស្មើ២ មាន ១៤ពិន្ទុ ។

ដោយឡែកក្រុមភ្នំពេញក្រោន បានត្រឹមរក្សាកៅអីចំណាត់ថ្នាក់លេខ៣ របស់ខ្លួន ក្រោយប្រកួតស្មើក្រុមភ្ញៀវ Cambodian Tiger ដោយលទ្ធផល ២-២ កាលពីម្សិលមិញ ។ ការប្រកួតនេះ ក្រុមភ្ញៀវជាអ្នកបំបែកពងមាន់បានមុនត្រឹមនាទីទី៨ បន្ទាប់មកទើបកីឡាករក្រុមភ្នំពេញក្រោន វាយបកបាននាំមុខ ២-១ វិញ នៅតង់ទី២ តែគួរឲ្យស្ដាយឈានចូលដល់ម៉ោងបន្ថែមកីឡាករ Cambodian Tiger បានបន្ថែម ១គ្រាប់ទៀត ធ្វើឲ្យការប្រកួតបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ។

ជាបណ្ដោះអាសន្នក្រុមភ្នំពេញក្រោនមាន ១១ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៦ប្រកួតឈ្នះ៣ ស្មើ២ និងចាញ់១ ខណៈក្រុមការពារតំណែងជើងឯកបឹងកេតអង្គរ ក៏មាន ១១ពិន្ទុស្មើគ្នាផងដែរ ក្រោយយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣-០ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ