ស្វាយរៀងត្រូវការ ៣ពិន្ទុពីប៉ូលិសដាច់ខាត ដើម្បីពង្រឹងកៅអីកំពូលតារាង

 ភ្នំពេញ៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វាកីឡដ្ឋានខេត្តស្វាយរៀង ទទួលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) នាល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ស្អែកនេះ ដែលជាជំនួបជើងទី១ នៃក្របខណ្ឌលីកកំពូលកម្ពុជា សប្ដាហ៍ទី៦ ។
 
សម្រាប់ការប្រកួតនេះដែរ លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមម្ចាស់ផ្ទះស្វាយរៀង បានចាត់ទុកជាការប្រកួតដ៏សំខាន់មួយ ដែលកូនក្រុមរបស់ខ្លួនត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យជម្នះ និងយកឲ្យបាន ៣ពិន្ទុបន្ថែម មកពង្រឹងកៅអីកំពូលតារាងរបស់ខ្លួន ។ ប៉ុន្ដែយ៉ាងណាលោក សំ វ៉ាន់ដេត ក៏មានការព្រួយបារម្ភ ចំពោះក្រុមប៉ូលិសផងដែរ ពិសេសកីឡាករ ទិត្យ ឌីណា និងកីឡាករ នួន បូរី ដែលជាឧបសគ្គរបស់ព្រះខ័នរាជស្វាយរៀង ។
 
ដូច្នេះលោកនឹងប្រើធនធានកីឡាករឆ្នើមៗទាំងអស់ មិនថាកីឡាករជម្រើសជាតិ ទើបត្រឡប់មកពីហ្ស៊កដានីនោះទេ ដើម្បីប្រជែងយក ៣ពិន្ទុឲ្យបាន ។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមបាល់ទាត់ក្រុមព្រះខ័នរាជស្វាយរៀង គឺកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន បន្ទាប់ពីបញ្ចប់ការប្រកួត ៥លើកឈ្នះ៤ និងស្មើ១ រកបាន ១៤ពិន្ទុ ហើយតាមពីក្រោយដោយក្រុមក្រសួងការពារជាតិ ដែលទើបរកបាន ១១ពិន្ទុ ។ ចំណែកក្រុមប៉ូលិសវិញ កំពុងឈរលេខរៀងទី៧ និងមាន ៦ពិន្ទុ ជាមួយលទ្ធផលប្រកួត ៥លើកឈ្នះ១ ស្មើ៣ និងចាញ់១ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ