សឿត បារាំង និយាយពីឧបសគ្គប៉ះហ្សកដានី ក្នុងពាន Asian Cup 2019

ភ្នំពេញ៖ ខ្សែការពារវ័យ ១៧ឆ្នាំរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ សឿត បារាំង បានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីកីឡាករមកពីក្លឹបភ្នំពេញក្រោនរូបនេះ ត្រូវបានគ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo Luiz ដាក់ឲ្យលេងក្នុងជម្រើស ១១នាក់ដំបូង ពេលជួបប្រកួតផ្លូវការជាមួយក្រុមម្ចាស់ផ្ទះហ្ស៊កដានី នៃវគ្គជម្រុះពានរង្វាន់ Asian Cup 2017 ក៏ដូចជាការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិឥណ្ឌា កាលពីពេលថ្មីៗកន្លងទៅ ។

បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជាជាមួយរៀមច្បងកាលពីល្ងាចមិញ សឿត បារាំង បានប្រាប់ពីឧបសគ្គធំៗចំនួនពីរ បានកើតឡើងក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិហ្ស៊កដានី មុននឹងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះ ដោយលទ្ធផល ៧-០ ។ បារាំង និយាយថា៖ «ការប្រកួតជាមួយហ្សកដានី ពេលយើងមានបាល់ គឺគេព្យាយាមដណ្ដើមបាល់បានលឿន អត់ឲ្យយើងគ្រប់គ្រងបានយូទេ ។ ហើយមួយទៀត គឺពេលគេលេងបាល់លើ រឹតតែពិបាក ព្រោះគេមានមាឌធំ ហើយខ្ញុំមានមាឌតូចជាងគេ» ។

ទន្ទឹមនឹងការជួបឧបសគ្គខាងលើ សឿត បារាំង ក៏បានបង្ហាញពីការតាំងចិត្ត បន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំង ដើម្បីទទួលបានឱកាសចូលរួមជាមួយក្រុមជម្រើសជាតកម្ពុជាជាថ្មី និងសម្រេចគោលដៅធំៗរបស់ខ្លួនជាមួយក្រុមជម្រើសជាតិផងដែរ ។ បារាំង បានអះអាងថា សម្រាប់ការប្រកួតក្នុងដីជាមួយហ្សកដានី ខ្លួននឹងព្យាយាមធ្វើឲ្យបានល្អ មិនឲ្យទទួលរងនូវការបរាជ័យដ៏ធ្ងន់ធ្ងរដូចថ្ងៃមុនឡើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ