អ្នកខ្លាំង ខាងលេងអុក ៨រូបបង្ហាញខ្លួន មុនឈានទៅវគ្គផ្ដាច់ព្រ័ត្រ នៅអង្គរសង្គ្រាន

ភ្នំពេញ៖ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាន់តែខិតឈានចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនោះ អ្នកខ្លាំងខាងលេងកីឡាអុកចត្រង្គចំនួន ៨នាក់ក៏បានបង្ហាញខ្លួន និងបញ្ជាក់ពីជំនឿចិត្តនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាព្រឹកមិញនេះ បន្ទាប់ពីអ្នកទាំង ៨ បានឆ្លងផុតការប្រកួតជម្រុះដើម្បីដណ្ដើមសិទ្ធិទៅប្រកួតតំណែងស្ដេចអុកចត្រង្គ ឆ្នាំ២០១៧ ក្នុចំណោមកីឡាករ កីឡាការិនីប្រមាណជាជាង ១៦០នាក់រួចមក ។
 
សូមបញ្ជាក់ថា ការប្រកួតជម្រុះនេះបានធ្វើឡើងតាំងពីថ្ងៃទី២៧ ខែមីនាមកម្ល៉េះ ហើយជាលទ្ធផលកីឡាករជើងខ្លាំង ៨នាក់ទទួលបានសិទ្ធិឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នាព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលខាងមុខនៅលើទឹកដីខេត្តសៀមរាបដែលមានដូចជាកីឡាករ ឈាវ បូរ៉ា ស្ដេចអុកឆ្នាំ២០១៤-២០១៥, ឆាយ វីរ៉ា ស្ដេចអុកឆ្នាំ២០១០, លីម ផល្លី, រស់ រិទ្ធីយ៉ា, ប៊ិន គាសេង, ម៉ី កែវនិម្មិត, ហេង សៅឌី និងកីឡាករ កាំង សេង ។ ចំពោះការប្រកួតជុំផ្ដាច់ព្រ័ត្រនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខ ។
នាឆ្នាំនេះដែរ ចំពោះអ្នកដណ្ដើមបានជ័យលាភីលេខ១ ឬស្ដេចអុកនោះនឹងទទួលបានប្រាក់រង្វាន់សរុប ៣២លានរៀល, លេខ២ ទទួលបាន ២០លានរៀល, លេខ៣ ទទួលបាន ១២លានរៀល និងលេខ៤ ទទួលបាន ៧លានរៀល។ គួរបញ្ជាក់ផងដែរថា ជើងខ្លាំងទាំង ៨រូបខាងលើសុទ្ធតែបានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញក្នុងចំណោមកីឡាករ-កីឡាការិនី ១៦០នាក់ ដែលបានចូលរួមប្រកួតជម្រុះដំណាក់កាលទី១ ឆ្នាំនេះ  ហើយអ្វីដែលពិសេសនោះគឺ ក្នុងឆ្នាំនេះក៏មានស្ដ្រីម្នាក់ចូលរួមប្រកួតដែរគឺកីឡាការិនី ផុន មករា ដែលជាស្រ្ដីខ្មែរទី១ ដែលបានចូលរួមប្រកួតអុកចត្រង្គអង្គរសង្ក្រាន្ដ ៕
អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ