រដូវកាលទី៥ នៃ TV5 Knock-Out Serie នឹងចាប់ផ្ដើមហើយនៅចុងសប្តាហ៍នេះហើយ!

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមពានរង្វាន់ដែលគេប្រសិទ្ធិនាមថា TV5 Knock-Out Serie នឹងចាប់ផ្ដើមនៅថ្ងៃទី១ ខាងមេសានេះដោយប្រកួតក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។ ព្រឹត្តិការណ៍បែបនេះដែរទើបតែនឹងបញ្ចប់ទៅក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាមដោយតំណែងជើងឯកបានទៅលើកីឡាករ ឡុង សំណាងមកពីក្លិបសាលវ័ន្ដកីឡា ចំណែកចំណាត់ថ្នាក់លេខ២ បានទៅឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាប និងលេខ៣ បានលើកីឡាករបឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ។

សម្រាប់ប្រភេទទម្ងន់ថ្មីនេះក៏នឹងមានអ្នកប្រដាល់ ៣២រូបចូលរួមដែរដោយការប្រកួតមានតែ ៣ទឹកប៉ុណ្ណោះហើយអ្នកចាញ់ត្រូវដើរចេញ ចំណែកអ្នកឈ្នះនៅបន្តប្រកួតជុំទី ២ដែលនៅសល់ ១៦នាក់ ។ អ្នកឈ្នះនៅជុំទី២ បន្តទៅជុំទី៣ ដែលនៅសល់ ៨នាក់ និងអ្នកឈ្នះជុំទី៣ បន្តទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលនៅសល់ ៤នាក់តែម្តង ។ ដូច្នេះ អ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងប្រកួតដណ្ដើមជើងឯក រីឯអ្នកចាញ់ត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជាបន្តទៀត ។ សម្រាប់ថ្ងៃទី១ ខែមេសាដែលជាថ្ងៃចាប់ផ្ដើមរដូវកាលថ្មីនេះ ជាជំនួបរវាង កីឡាករ កុយ ចាន់តូ មកពីក្លិបគីសែមានរិទ្ធ ត្រូវប្រកួតជាមួយអ្នកប្រដាល់ឌុម កែវដប មកពីក្លិបសុភានូមានជ័យ ។ កែវដប ធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដែរដោយប្រកួតក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាមតែអ្នកប្រដាល់រូបនេះពុំមានសំណាងល្អឡើយ ។ ពេលនេះសម្រាប់ទម្ងន់ ៦៣,៥០គីឡូក្រាមមិនដឹងថា កែវដបជួបវាសនាបែបណានោះទេព្រោះ កុយ ចាន់តូ នៅក្មេងកម្លាំងជាងទោះបីកលល្បិចអាចថាកែវដបលើបន្តិចតែក៏មិនខ្សោយដែរ ។ដូច្នេះតើរវាងឌុម កែវដប និង កុយ ចាន់តូ នរណាជាអ្នកខ្ទាតចេញនៅក្នុងការប្រកួតជុំទី១ នេះហើយនរណាបានឡើងទៅប្រកួតបន្តនៅជុំទី ២ទៀត ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរមាស សុជាតិ របស់ក្លិបក្រុងប៉ោយប៉ែតត្រូវជួបជាមួយអ្នកប្រដាល់ម៉ន ចាន់ដារ៉ា របស់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ។ ចាន់ដារ៉ាធ្លាប់ចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ច្រើនដែរតែអ្នកប្រដាល់រូបនេះពុំធ្លាប់បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ  ឬ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ គឺតែងតែខ្ទាតចេញត្រឹមជម្រុះក្នុងពូលប៉ុណ្ណោះ ។ ពេលនេះគេជួបប្រកួតជាមួយមាស សុជាតិ ដែលជាអ្នកប្រដាល់ពូកែវាយលុកហើយពេលវ៉ៃគេសម្រុកចូលរហូត ។ វ៉ៃបែបនេះមិនដឹងថាចាន់ដារ៉ាអាចតស៊ូបានឬទេ ? មួយវិញទៀត ភាពអំណត់របស់ដារ៉ាមិនខ្លាំងដូចសុជាតិឡើយ ។ ហេតុនេះ ចាំមើលរវាងអ្នកប្រដាល់ទាំង ២ រូបនេះនរណាវេចបង្វិចទៅផ្ទះមុនគេហើយនរណាដណ្ដើមបានកៅអីសម្រាប់ប្រកួតបន្តនៅជុំទី២ទៀត ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ