មឿន សុខហ៊ុច ប្រកួតជាមួយចិននៅ CNC ខណៈកីឡាករកម្ពុជា ២ រូបផ្សេងទៀតត្រូវជួបថៃ

ភ្នំពេញ៖ អ្នកប្រដាល់ចិនឈ្មោះ Leang Younhav នឹងធ្វើដំណើរមកប្រកួតនៅស្រុកខ្មែរដោយត្រូវជួបជាមួយអ្នកប្រដាល់កម្ពុជា មឿន សុខហ៊ុច លើសង្វៀន CNC នៅយប់ថ្ងៃទី១ ខែមេសាខាងមុខនេះ ។ តាមពិតទៅ ពិតជាកម្រនឹងមានអ្នកប្រដាល់ចិនណាមកប្រកួតនៅស្រុកខ្មែរណាស់ ហើយបើតាមការឲ្យដឹង អ្នកប្រដាល់ចិនរូបនេះបានហ្វឹកហាត់នៅស្រុកថៃហើយរូបគេក៏ជាអ្នកក្បាច់គុនកុងហ្វ៊ូម្នាក់ដែរប៉ុន្តែបានមកហាត់ក្បាច់ប្រដាល់សេរីនៅស្រុកថៃបន្ថែមទៀត ។ អ្នកប្រដាល់ចិនរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេតែគេធ្លាប់ចេញទៅប្រកួតនៅប្រទេសនានាច្រើនគួរសមដែរ ។ កីឡាករ Leang Younhav មានប្រវត្តិប្រកួតចំនួន៥០ដង ឈ្នះ៤០ដង ចាញ់១០ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន៩ដង ។

ចំពោះកីឡាករកម្ពុជាមឿន សុខហ៊ុច វិញគឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូប សុខហ៊ុច មិនសូវញញើតជាមួយអ្នកប្រដាល់ចិន ឬមកពីអឺរុបទេ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១០៣ដង ឈ្នះ៧៤ដង ចាញ់២៤ដងស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៥ ដង ។ គេជឿថាមឿន សុខហ៊ុច នឹងឈ្នះអ្នកប្រដាល់ចិន Leang Younhav ជាមិនខាន ។

ចំពោះគូប្រកួតដណ្ដើមខ្សែក្រវាត់គោជល់ទម្ងន់៦៣,៥០គីឡូក្រាមវិញនោះ  សេក គឹមរូន មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Phayak Ubun Tydet Lo-Ngin ។ នេះជាការប្រកួតលើកទី ២របស់អ្នកប្រដាល់ទាំង ២រូបដោយកាលពីលើកទី១ គឹមរូនបានទទួលជ័យជម្នះ រីឯអ្នកប្រដាល់ថៃ Phayak Ubun Tydet Lo-Ngin ទទួលបរាជ័យ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរគឺកីឡាករ ឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតនឹងប្រកួតជាមួយអ្នកប្រដាល់ថៃ Phikunngern Sor Panisa ។សម្រាប់គូនេះក៏ជាការប្រកួតលើកទី២ របស់ពួកគេក្នុងព្រឹត្តិការណ៍នេះដែរ ដោយកាលពីប្រកួតលើកទី១ កីឡាសករ ឆៃ សារ៉ាបានទទួលជ័យជម្នះ ខណៈដែល Phikunngern Sor Panisa ទទួលបរាជ័យនោះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ