លោក ទេព ឡុងរចនា៖ ទ័ព ប៉ះស៊ីម៉ាក់ខានស្អែក មិនប្រើកីឡាករជម្រើសជាតិក៏បាន!

ភ្នំពេញ៖ លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមបាល់ទាត់ក្រសួងការពារជាតិ បានលើកឡើងថា កូនក្រុមរបស់ខ្លួនបានត្រៀមខ្លួនជាស្រេច នៅក្នុងការបើកទ្វាកីឡដ្ឋានស្ដាតចាស់ ទទួលក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) នៃជំនួបជើងទី១ ក្របខណ្ឌលីគកំពូលកម្ពុជា នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ ហើយលោកក៏មិនសូវមានការព្រួយបារម្ភ ចំពោះគូប្រជែងកំពុងឈរចំណាត់ថ្នាក់បាត់តារាងនេះដែរ ។

អតីតគ្រូបង្វឹកក្រុមគិរីវង់សុខសែនជ័យរូបនេះ បាននិយាយថា៖ «ការត្រឡប់មកវិញ នៃកីឡាករជម្រើសជាតិ គឺមានរយៈពេលខ្លីក្នុងការប្រមូលផ្ដុំ ដែលជាផលប៉ះពាល់មួយសម្រាប់ក្រុម ។ ប៉ុន្ដែយើងមិនមើលងាយស៊ីម៉ាក់ទេ តែយើងបានត្រៀមកីឡាករទុកជាមុន ដូច្នេះបើគ្មានវត្តមានកីឡាករជម្រើសជាតិទាំង ៣នាក់ក៏ដោយ ក៏យើងមានកីឡាករជំនួស ដើម្បីជួបក្រុមស៊ីម៉ាក់ដែរ» ។ ការលើកឡើងបែបនេះ គឺស្របពេលកីឡាករសំខាន់ៗ ៣រូបរបស់ក្រសួងការពារជាតិ ត្រូវបានលោក Leonardo Luiz កោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងបេសកម្មចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់ Asian Cup 2019 ដែលទើបចាញ់ក្រុមម្ចាស់ផ្ទះហ្ស៊កដានី ដោយលទ្ធផល ៧-០ កាលពីថ្មីៗ ដែលក្នុងនោះ រួមមានកីឡាករ ច្រឹង ពលរដ្ឋ, ស ពិសិដ្ឋ និងអ្នកចាំទី អ៊ុំ សេរីរ័ត្ន ។

លោក ទេព ឡុងរចនា បន្ដថា ស៊ីម៉ាក់មិនសូវមានឧបសគ្គច្រើនសម្រាប់ក្រុមក្រសួងការពារជាតិនោះទេ ព្រោះទម្រង់លេងជារួមរបស់ក្រុមគ្រប់គ្រងដោយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជានេះ នៅមានកម្រិតទាបឡើយ ដូច្នេះលោកមានការរំពឹងខ្ពស់ក្នុងការយកបាន ៣ពិន្ទុបន្ថែម ដើម្បីប្រជែងកៅអីកំពូលតារាងជាមួយក្រុមព្រះខ័នរាជស្វាយរៀង ដែលកំពុងឈរកំពូលតារាងជាបណ្ដោះអាសន្ន ៕ អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ