ទោះសង្ឃឹមតិចតួច ប៉ុន្តែកម្ពុជានឹងបង្ហាញភាពភ្ញាក់ផ្អើលក្នុងជំនួបជាមួយក្រុមហ្សកដានីយប់នេះ!

ភ្នំពេញ៖ ៥ថ្ងៃកន្លងមកនេះ​ក្រុមគោព្រៃកម្ពុជាបានធ្វើការហ្វឹកហាត់យ៉ាងសស្រាក់ស្រាំនៅលើទឹកដីរាជធានី​ Amman នៃប្រទេសហ្សកដានី ​ខណៈដែលពួកគេនឹងត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះក្នុងជំនួបបើកឆាកពូល C នារាត្រីថ្ងៃទី២៨​ ខែមីនា​ ឆ្នាំ២០១៧ នេះក្នុងវគ្គជម្រុះនៃព្រឹត្តិការណ៍ Asian Cup 2019  ។ បើយើងពិនិត្យទៅលើលទ្ធភាពឈ្នះ ប្រាកដណាស់កម្ពុជាពិតជាមិនមែនជាដៃគូរបស់ក្រុមខ្លាំងដូចជា​ហ្សកដានីនេះឡើយ ។ កុំភ្លេចថា ក្រុមជម្រើសជាតិនៃតំបន់អាសុីខាងលិចមួយនេះធ្លាប់បានផ្តួលក្រុមខ្លាំងៗនៅក្នុងទ្វីបអាសុីរួចមកហើយដូចជាជប៉ុន និងអូស្ត្រាលី​ជាដើម ។ ថ្មីៗកន្លងទៅពួកគេក៏បានលត់ក្រុមហុងកុងក្នុងលទ្ធផល ៤-០ ផងដែរ ។

យ៉ាងណាក៏ដោយ គេមិនអាចទុទិដ្ឋិនិយមពេកចំពោះក្រុមកម្ពុជានោះឡើយ ព្រោះថាឆ្លងកាត់ការប្រកួតនាពេលថ្មីៗនេះ​ពិសេសក្នុងជំនួបជាមួយក្រុមឥណ្ឌាកាលពីសប្តាហ៍មុនបង្ហាញឲ្យឃើញថា គោព្រៃកម្ពុជាមានទម្រង់លេងមួយដ៏ប្រសើរជាងមុន ស្របពេលដែលក្រុមអ្នកគាំទ្របានសម្តែងការពេញចិត្តពេញថ្លើមនឹងមានក្តីរំពឹងថា ក្រុមជម្រើសជាតិកម្ពុជានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបង្ហាញឲ្យឃើញថា គោព្រៃកម្ពុជាមានកម្លាំងគ្រប់គ្រាន់អាចតស៊ូជាមួយសត្វកំណាចធំៗបាន​ ឬថែមទាំងអាចជល់ផ្តួលពួកបានទៀតផង!

ក្នុងតថភាពបែបនេះ ការចាញ់ក្រុមដ៏ខ្លាំងមួយមិនមែនជារឿងដែលត្រូវអាម៉ាស់នោះទេ ផ្ទុយទៅវិញវាគឺជាឧកាសមួយដែលអាចផ្តល់ឲ្យក្រុមភ្ញៀវអាចដកស្រង់បទពិសោធន៍បន្ថែមទៀតពីម្ចាស់ផ្ទះដើម្បីយកមកលត់ដំ​ ក៏ដូចជាហ្វឹកហាត់ដើម្បីអភិវឌ្ឍន៍ឈានទៅរកកម្រិតមួយខ្ពស់ជាងនេះ ។ អតីតសមាជិកក្រុមភ្នំពេញក្រោន​ធារី ចន្ថាប៊ីន ដែលទើបតែចាកចេញទៅប្រកបអាជីពនៅប្រទេសថៃ ​​និងដែលត្រូវបានលោក ឡេអូណាដូ ល្វីស​ ផ្តល់ទំនុកចិត្តឲ្យបំពេញតួនាទីជាប្រធានក្រុមក្នុងការប្រកួតយប់នេះបានថ្លែងថា សមាជិកក្រុមទាំងមូលមានទំនុកចិត្តចំពោះទម្រង់លេង និងបច្ចេកទេសថ្មីៗ​ និងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតយប់នេះ ។

ទន្ទឹមនឹងនេះ បើតាមការអះអាងរបស់លោកអ៊ុង កនយ៉ានិត ដែលជាគ្រូជំនួយរបស់ក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា ក្រុមទាំងមូលបានហ្វឹកហាត់យ៉ាងត្រឹមត្រូវ និងទទួលបានការរៀបចំកាន់តែប្រសើរ ខណៈដែលពួកគេក៏បានសម្របខ្លួនទៅនឹងអាកាសធាតុ និងម្ហូបអាហារនៅដែនដីអារ៉ាប់នេះដែរ ។ ជាងនេះទៅទៀត លោកបានសង្កត់ធ្ងន់ថា កម្ពុជានឹងផ្តោតលើការការពារខ្លាំង ហើយត្រៀមវាយបកចំពោះគូប្រកួតភ្លាមៗតែម្តង ៕

 

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ