គ្រូបង្វឹកប្រដាល់សាកលកម្រិតថ្នាលប្រឈមនឹងការដកចេញក្រោយកើតមានរឿងអាស្រូវ

ភ្នំពេញ៖ លោកអាត សំរិត ដែលជាគ្រូបង្វឹកប្រដាល់សាកលកម្រិតថ្នាលកំពុងតែប្រឈមមុខនឹងការដកចេញបន្ទាប់ពីរកឃើញថាប្រព្រឹត្តិអំពើរមិនថ្លើថ្នូរដោយលួចកាត់លុយពីសិស្សដើម្បីផលប្រយោជន៍ខ្លួនឯង ។ សម្រាប់គ្រូថ្នាលមាន ២រូបគឺលោកអាត សំរិតជាគ្រូធំ និងលោកឡុង ស៊ីលីន ជាគ្រូជំនួយ ។ ការពិតទៅ លោកឡុង ស៊ីលីន​ ដែលបានចូលបង្ហាត់មិនបានមួយខែផងនោះ​ បានប្រកាសលាឈប់ដោយសារតែធ្វើការមិនចុះសម្រុងជាមួយលោកអាត សំរិត ដែលធ្វើការតាមរបៀបអត្តនោម័តដោយតាំងខ្លួនជាអ្នកចេះជាងគេ ។ គួររំលឹកថា មុននេះប៉ុន្មានថ្ងៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងកីឡាបានផ្ដលប្រាក់របបអាហារដល់កីឡាករថ្នាលទាំង ១២រូបដែលមួយរូបៗទទួលបានប្រមាណជា ១.០០០.០០០រៀលតែពួកគេត្រូវគ្រូបង្វឹករូបនេះកាត់យកជាងពាក់កណ្ដាលក្រោមលេសថាមកហ្វឹកហាត់មិនគ្រប់ថ្ងៃ ។ ជាមួយគ្នានេះសិស្សដែលល្អហើយសហព័ន្ធសម្រេចជ្រើសរើសយកមកហាត់ក្នុងកម្រិតថ្នាលនោះ បែរជាត្រូវលោកអាត សំរិត ផ្លាស់ប្ដូរចេញស្ទើតែទាំងអស់ដោយយកសិស្សរបស់ខ្លួនមកជំនួសដើម្បីខ្លួនកាត់លុយយកគ្មាននរណាហ៊ានជំទាស់ ។

លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជាដែលទើបបង្កើតថ្មីបានបន្ទោសខ្លាំងៗទៅលើគ្រូបង្វឹករូបនេះព្រមទាំងបញ្ជាឲ្យគ្រូបង្វឹករូបនេះបង្វិលលុយមកឲ្យសិស្សវិញ ប៉ុន្តែលោកអាត សំរិត បានដោះសារថាលោកបានយកលុយនេះដើម្បីទិញសម្ភារៈហ្វឹកហាត់ ។ លោកជ័យ សំអុលដែលជាមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបន្ទោសថា សម្ភារៈហ្វឹកហាត់គឺមជ្ឈមណ្ឌលជាតិជាអ្នកដោះស្រាយមិនមែនគ្រូបង្វឹកដោះស្រាយហើយកាត់លុយសិស្សមកទិញនោះទេ ពោលគឺលុយនេះសម្រាប់បំប៉នរាងកាយ និងសុខភាពមិនមែនសម្រាប់ទិញសម្ភារៈហ្វឹកហាត់ឡើយ ។ ជាដំណោះស្រាយ លោកប៉ុន សុខនាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានកោះហៅលោកអាត សំអិត មកភ្លាមៗព្រមទាំងដាក់លក្ខខណ្ឌដាច់ខាតឲ្យប្រគល់លុយនោះដល់កីឡាករវិញនៅចំពោះមុខមន្ត្រីមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាបើមិនចង់មានរឿងរ៉ាវឲ្យកាន់តែធ្ងន់ទេនោះ ។ គួរបញ្ជាក់ថា រឿងកាត់លុយក្មេងនេះបានបែកធ្លាយបន្ទាប់ពីក្មេងៗទាំងនោះស្រែកយំថាគ្រូកាត់លុយពួកគេយកចង់អស់នោះ ហើយបញ្ហានេះក៏មិនទាន់បញ្ចប់នៅឡើយដែរ ខណៈមហាជននៅតែបន្តតាមដានថា តើថ្នាក់ដឹកនាំសហព័ន្ធថ្មីថ្មោងមួយនេះនឹងចាត់វិធានការបែបណាខ្លះដើម្បីដោះស្រាយរឿងអាស្រូវមួយនេះ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ