លោក យូ ជិនហុង ម្ចាស់មេដាយសំរឹទ្ធប្រដាល់សកលដំបូងគេបង្អស់របស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី

ភ្នំពេញ៖ អស់រយៈពេលជាង ៥០ឆ្នាំមកនេះ កេរ្តិ៍ឈ្មោះរបស់លោកយូ ជិនហុង ត្រូវបានចារឹកជាប់នៅក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាជនជាតិខ្មែរដំបូងគេដែលដណ្តើមបានមេដាយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទ្វីបអាសុី (ASIAN Games) លើវិញ្ញាសាប្រដាល់សាកល ។ បច្ចុប្បន្ននេះទៀតសោត បើទោះបីជាលោកមានវ័យជាង៧០ឆ្នាំទៅហើយក្តី ក៏អតីតកីឡាករឆ្នើមរូបនេះ នៅតែមិនទៅណាឆ្ងាយពីវិស័យកីឡាឡើយ ពោលគឺលោកបានបោះបង់ការប្រកួតនៅលើសង្វៀនដោយងាកមកបំពេញមុខងារជាគ្រូបង្វឹកក្រុមជម្រើសជាតិថ្នាលប្រដាល់សកលកម្ពុជាវិញម្តង ។

បុរសវ័យ ៧៦ឆ្នាំរូបនេះបានចាប់កំណើតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤១​ នៅភូមិទួលស្បូវ ឃុំកំពង់សៀម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយបានចាប់ផ្តើមហាត់កីឡាប្រដាល់តាំងតែពីអំឡុងឆ្នាំ១៩៥៦ ដោយដំបូងឡើយលោកបានហាត់រៀនជាមួយលោកគ្រូ ឆាយ ឆេង ដែលជាទាហានជើងចាស់ក្នុងកងទ័ពអាណានិគមបារាំង ហើយក៏ជាអតីតកីឡាករប្រដាល់ក្នុងជួរកងទ័ពបារាំងផងដែរ ។ កាលណោះលោក មានចំណាប់អារម្មណ៍ហាត់ប្រដាល់ដោយសារតែកន្លែងហាត់ (មជ្ឈមណ្ឌលកងរាជអាវុធហត្ថ) មានទីតាំងនៅជិតសាលារៀនដែលលោកកំពុងរៀន (សាលាម៉ីស (MICHE ដែលជាសាលាកាតូលិករបស់បារាំង) ហើយចាប់ពីពេលនោះមក កុមារា យូ ជិនហុង ដែលមានវ័យក្មេងជាងគេបានចាប់ផ្តើមកសាងកេរ្តិ៍ឈ្មោះបន្តិចម្តងៗដោយត្រូវបានអ្នកផងនាំគ្នាហៅថា អាក្មេងៗ ។

ក្រោយមក ដោយមើលឃើញពីការស្រលាញ់នឹងការខិតខំយកចិត្តទុកដាក់ហ្វឹកហាត់ កីឡាករ យូ ជិនហុង ត្រូវបានជ្រើសរើសជាតំណាងប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងឆ្នាំ១៩៥៨ ប៉ុន្តែត្រូវបានខកខានវិញដោយសារកាលណោះមានការខ្វែងគំនិតគ្នាផ្នែកនយោបាយរវាងប្រទេសទាំងពីរ (ខ្មែរ-ថៃ) ។ បន្ទាប់មកទៀតក្នុងឆ្នាំ១៩៦០ យុវជនជិនហុង​ បានចេញទៅចូលរួមការប្រកួតកីឡា SEAP GAMES នៅទីក្រុងរ៉ង់ហ្គោន ប្រទេសភូមា ដោយទទួលបានមេដាយមាស ក្នុងប្រភេទទម្ងន់ ៥៦ គីឡូក្រាម ។  លុះដល់ឆ្នាំ១៩៦២ លោកបានចេញទៅចូលរួមការប្រកួតកីឡាទ្វីបអាស៊ី លើកទី៤ (ASIAN GAMES) នៅប្រទេសឥណ្ឌូនេស៊ី និងទទួលបានមេដាយសំរឹទ្ធ ក្នុងប្រភេទទម្ងន់ ៥៦ គីឡូក្រាមដដែល ។ យ៉ាងណាក៏ដោយ នាឆ្នាំ១៩៦៣ លោកបានចូលរួមប្រកួតកីឡាក្នុងព្រឹត្តិការណ៍ GANEFO នៅប្រទេសឥណ្ឌូនេស៊ី ក្នុងប្រភេទទម្ងន់ ៥៦ គីឡូតែមិនទទួលបានមេដាយឡើយ ខណៈដែលក្នុងការប្រកួតអូឡាំពិកលើកទី១៨ នាឆ្នាំ១៩៦៤ នៅទីក្រុងតូក្យូួ ប្រទេសជប៉ុនលោកក៏មិនទទូលបានមេដាយនោះទេ។  ក្រោយមកនៅឆ្នាំដដែលនោះលោកយូ​ ជិនហុង  បានលាឈប់ពីអាជីពជាកីឡាករជម្រើសជាតិ ហើយបានក្លាយជាគ្រូបង្វឹកក្នុងជួរកងទ័ពជាតិវិញម្តង ។

ក្នុងអំឡុងពេលរស់នៅបរទេសនាពេលកន្លងមក លោក​យូ​ ជិន​ហុង ធ្លាប់បាន​បញ្ជាក់​ក្នុងបទសំភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ថា​៖ «​​ខ្ញុំ​ចង់វិល​មក​​រស់នៅមាតុភូមិ​វិញ​ និង​បាន​​ចូល​រួម​ចំណែក​នៅ​ក្នុង​វិស័យកីឡា​ប្រដាល់​នោះ​ ខ្ញុំ​​នឹង​វិល​មក​ស្លាប់​រស់​លើ​ទឹកដីកំណើត​ដោយ​រីក​រាយ​បំផុត ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​បំផុតនោះ​គឺ​​ការ​បណ្តុះ​បណ្តាល​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​ទាន់ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី ៣២ ​ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​នៅ​មាន​ជីវិត​រស់​នៅដើម្បី​មើល​ព្រឹត្តិ​ការណ៍​ជា​ប្រ​វត្តិសាស្ត្រ​នេះ​មិនខាន»។ សូមបញ្ជាក់ថា​ យោង​តាម​វេបសាយ amateur-boxing  ក្នុងព្រឹត្តិការណ៍កីឡាអាសុីឆ្នាំ១៩៦២នោះ លោក យូ ជិនហុង បាន​យក​ឈ្នះ​ពិន្ទុ​​កីឡាករ Jo Pil-Kyu របស់​ប្រទេស​កូរ៉េ នៅ​វគ្គ ៨ នាក់​ចុង​ក្រោយ​នា​​ថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ១៩៦២​ តែ​​បានចាញ់​​ពិន្ទុ​ម្ចាស់​​មេដាយ​មាស​ជំនាន់​នោះ​​ឈ្មោះ Padam Bahadur Mall ដែលជា​ជនជាតិ​ឥណ្ឌា នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ១៩៦២។ ដូច្នេះជាលទ្ធផល មេដាយ​​ប្រាក់​បាន​ទៅ​កីឡាករ Kanemaru Shiratori របស់​ជប៉ុន និង​មេដាយ​សំរឹទ្ធ​​បាន​មក​កីឡាករ យូ ឈិនហុង របស់​កម្ពុជា និង កីឡាករ​ Catalino Arpon របស់​ហ្វីលីពីន។

អត្ថបទ៖ មករា

ប្រភព៖ សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ