សាលាគុននៅប៉ោយប៉ែតផ្តោតលើការបណ្ដុះបណ្ដាលអ្នកប្រដាល់វ័យក្មេងច្រើនជាងគេ

ភ្នំពេញ៖​ ក្នុងស្មាតីស្រលាញ់​ និងគាំទ្រចំពោះវិស័យកីឡាប្រដាល់ដែលជាមរតកដ៏យូរលង់របស់បុព្វបុរសខ្មែរ លោកថៃ អ៊ូដែលគេស្គាល់ជាទូទៅថាជាប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យ និងជាពាណិជ្ជករមួយរូបដែរនោះបានសម្រេចចិត្តបើកសាលាប្រដាល់ផ្ទាល់ខ្លួនមួយដើម្បីបណ្ដុះបណ្ដាលដល់កីឡាករវ័យក្មេងជាច្រើន ។ តាមពិតទៅ លោកមិនមែនជាអ្នកប្រដាល់គុនបូរាណខ្មែរនោះទេ ប៉ុន្តែលោកក៏ធ្លាប់មានប្រវត្តិជាអ្នកប្រដាល់សាកលមួយរូបដែរកាលពីអតីតកាល ហើយបច្ចុប្បន្ននេះលោក​ថៃ​ អ៊ូ ដើរតួនាទីជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ នៅរាជធានីភ្នំពេញ។

លោកបានលើកឡើងថា ការកសាងក្លិបប្រដាល់របស់លោកត្រូវចំណាយអស់រាប់ម៉ឺនដុល្លារដើម្បីបណ្ដុះបណ្ដាលកុមារតូចៗដែលគេចង់ហាត់ប្រដាល់ ដោយនៅទីនេះមានគ្រូបង្វឹកត្រឹមត្រូវហើយលោកឲ្យសិស្សគណរបស់លោកស្គាល់ពីឈ្មោះស្នៀតទាំងអស់ដែលឈ្មោះស្នៀតទាំងនោះលោកបានចេះចាំបន្តពីគ្រូចាស់ៗជាច្រើនដែលខ្លះបានស្លាប់ទៅហើយ រីឯខ្លះទៀតចាស់ជរាណាស់ហើយ ។ ជាមួយនឹងការហ្វឹកហាត់នេះលោកបានរៀបចំឲ្យពួកគេបានប្រកួតគ្នារៀងរាល់សប្ដាហ៍ព្រោះការហ្វឹកហាត់បើគ្មានការប្រកួតទេនោះគឺគ្មាននរណាចង់ហាត់ឡើយ ប៉ុន្តែការប្រកួតនេះមិនជាមានតម្លៃខ្លួនអ្វីទេគឺមានតែបន្តិចបន្តួចប៉ុណ្ណោះហើយបើកទូលាយសម្រាប់ក្លិបនានាក្នុងខេត្តបន្ទាយមានជ័យប្រសិនបើគេចង់ចូលរួមប្រកួតជាមួយក្លិបរបស់លោក ។

លោកថៃ​ អ៊ូ បានបន្ថែមថា​ ក្មេងៗនៅក្នុងសាលានេះមានអាយុត្រឹម១២-១៣ឆ្នាំប៉ុណ្ណោះតែដោយសារគេហ្វឹកហាត់ត្រឹមត្រូវដូច្នេះធ្វើឲ្យចេះវាយចំប្លង់ត្រឹមត្រូវ និងវាយដោយមានស្នៀតទៀតផង ។ ទន្ទឹមនឹងនេះ  លោកមានមហិច្ឆតាចង់ធ្វើឲ្យក្លិបរបស់លោកក្លាយជាសាលាប្រដាល់មួយកម្រិតអន្តរជាតិតែម្ដងនាពេលអនាគតហើយលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរក៏បានស្វាគមន៍នូវគំនិតនេះដែរ ។ យោងតាមភូមិសាស្ត្រជាក់ស្តែង ទីនោះជាតំបន់ជាយដែនដែលមានភ្ញៀវបរទេសចេញចូលច្រើន ហេតុនេះលោកនឹងធ្វើឲ្យសាលាគុនរបស់លោកមានភាពទាក់ទាញដើម្បីឲ្យជនបរទេសចាប់អារម្មណ៍ចូលហ្វឹកហាត់​ដែលវាក៏ជាឱកាសដើម្បីធ្វើឲ្យគេស្គាល់ពីគុនបូរាណខ្មែរថែមទៀត ។ សូមបញ្ជាក់ថា សព្វថ្ងៃនេះលោកក៏ជាម្ចាស់ក្លិបប្រដាល់ក្រុងប៉ោយប៉ែតដែរ ហើយបើតាមការគ្រោងទុក​បន្ទាប់ពីសហព័ន្ធប្រដាល់សម្ពោធមជ្ឈមណ្ឌលប្រដាល់ជំនាន់ថ្មីហើយនោះលោកថៃ អ៊ូក៏នឹងសម្ពោធសាលាប្រដាល់របស់លោកដែរ ប៉ុន្តែលោកបានប្រកាសរួមជាស្រេចថានឹងមិនទទួលបណ្ដុះបណ្ដាលមនុស្សធំទេ​ ពោលគឺបណ្ដុះបណ្ដាលតែក្មេងៗប៉ុណ្ណោះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ