គ្រូឥណ្ឌាសរសើរកម្ពុជា ខណៈគ្រូកម្ពុជាសុំទោសអ្នកគាំទ្រ

ភ្នំពេញ៖ ក្រោយយកឈ្នះម្ចាស់ផ្ទះកម្ពុជា ៣-២ យប់មិញ លោក Stephen Constantine គ្រូបង្វឹកក្រុមឥណ្ឌា បានសម្តែងការកោតសរសើរចំពោះក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូថ្មីលោក Leonardo Luiz ស្របពេលគ្រូបង្វឹកក្រុមម្ចាស់ផ្ទះរូបនេះ បានត្រឹមសុំទោសអ្នកគាំទ្រ ដែលដឹកនាំក្រុមប្រកួតដំបូងទទួលលទ្ធផលមិនបានល្អ ។

លោក Stephen Constantine បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា កម្ពុជាពិតជាមានការរីកចម្រើន ហើយពិបាកយកឈ្នះមែន ។ លោកបានអបអរសាទរ ចំពោះភាពរីកចម្រើននេះ និងជូនពរក្រុមជម្រើសជាតិកម្ពុជាឲ្យកាន់ជោគជ័យក្នុងបេសកកម្មផ្សេងៗ ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិទៀតផង ។

ចំណែកគ្រូសញ្ជាតិប្រេសុីលលោក Leonardo Luiz បានថ្លែងថា ពិតណាស់អ្នកគាំទ្រដ៏ច្រើនច្បាស់ជាចង់ឃើញជម្រើសជាតិខ្លួនឈ្នះ ប៉ុន្តែនេះជាបាល់ទាត់ ដែលអាចមានការប្រែប្រួលគ្រប់ពេល ដូច្នេះខ្លួនពិតជាសុំទោសអ្នកគាំទ្រកម្ពុជា ។ ប៉ុន្តែយ៉ាងណាលោកគិតថា កីឡាករកម្ពុជាពិតជាធ្វើបានល្អហើយ ទោះបីនៅខ្វះខាតបន្តិចបន្តួចក៏ដោយ ។


សូមបញ្ជាក់ថា ការប្រកួតមិត្តភាពយប់មិញ គឺធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាព សម្រាប់ត្រៀមយុទ្ធនាការចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់ Asian Cup 2019 នាចុងខែមីនានេះ ក្នុងនោះក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិហ្ស៊កដានី ក្នុងពូលC ខណៈក្រុមជម្រើសជាតិឥណ្ឌា ត្រូវជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក្នុងពូលA នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះដូចគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ