ចាន់ វឌ្ឍនាកា និយាយអ្វីខ្លះ ជុំវិញការមិនបានជួយក្លឹប Fujieda ២ប្រកួតដំបូង?

ភ្នំពេញ៖ ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បានធ្វើដំណើរមកដល់ទឹកដីកំណើតរបស់ខ្លួនហើយ កាលពីចុងសប្ដាហ៍កន្លងទៅ ហើយក៏បានចូលរួមហ្វឹកហាត់លើកដំបូងជាមួយក្រុមជម្រើសជាតិកម្ពុជាកាលពីម្សិលមិញ ដើម្បីត្រៀមបើកទ្វាពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិឥណ្ឌា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ស្អែកនេះផងដែរ ។

តើ ចាន់ វឌ្ឍនាកា និយាយអ្វីខ្លះ បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជា អំពីការលេងឲ្យក្លឹប Fujieda MYFC រយៈពេលជាងមួយខែ និងមិនបានបង្ហាញខ្លួនក្នុង ២ប្រកួតដំបូង នៃដើមរដូវកាលថ្មី លីគលំដាប់ទី៣ របស់ជប៉ុន(J3 League) កាលពីពេលថ្មីៗកន្លងទៅ? វឌ្ឍនាកា បានលើកឡើងថា ខ្លួនពិតជាមានមោទនៈភាព ចំពោះឱកាសបានទៅលេងនៅជប៉ុន ទោះបីមិនទាន់បានបង្ហាញវត្តមានជាផ្លូវការក៏ដោយ ប៉ុន្ដែខ្លួនរំពឹងថា ក្រោយត្រឡប់ពីជួយក្រុមជម្រើសជាតិកម្ពុជា គឺអាចចូលរួមជាមួយក្រុម Fujieda លើកដំបូងក្នុងពេលឆាប់ៗ ។

កីឡាករវ័យ ២៣ឆ្នាំរូបនេះ បាននិយាយថា៖ «រយៈពេល ៥សប្ដាហ៍ ដែលខ្ញុំបានទៅលេងនៅក្លឹប Fujieda MYFC ខ្ញុំមើលឃើញពីភាពរីកចម្រើនខ្លួនឯងច្រើន ប៉ុន្ដែបញ្ហាអាកាសធាតុ នៅតែជាឧបសគ្គក្នុងការហ្វឹកហាត់ ។ ចំណែកគ្រូបង្វឹក(លោក Atsuto Oishi)គាត់ចង់ឲ្យខ្ញុំមានសមត្ថភាពខ្ពស់ ទើបគាត់ដាក់ឲ្យលេង ព្រោះគាត់ចង់ឃើញការប្រកួតដ៏អស្ចារ្យ និងល្អឥតខ្ចោះ សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំ ។ ប៉ុន្ដែយ៉ាងណាគាត់បានលើកសរសើរពីភាពរីកចម្រើនរបស់ខ្ញុំ ហើយខ្ញុំនឹងខិតខំបន្ថែមទៀត ដើម្បីបានឆាប់ជួយមិត្តរួមក្រុមថ្មី» ។

កូនប្រុសរបស់អភិបាលខេត្តកំពតរូបនេះ បានបន្ថែមថា បើទោះបីមិនបានបង្ហាញខ្លួន ២ប្រកួតក៏ពិតមែន ប៉ុន្ដែសមត្ថភាពគឺមានភាពរីកចម្រើនជាលំដាប់ ហើយគេនឹងនាំយកនូវបទពិសោធន៍ថ្មីៗទាំងនោះ មកបង្ហាញនៅលើទីលានពហុកីឡដ្ឋានជាតិ កំឡុងពេលជួយក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិឥណ្ឌា នាវេលាម៉ោង ៦៖៣០នាទីល្ងាចស្អែកនេះ ហើយបន្ទាប់ពីបញ្ចប់ការប្រកួតនេះ វឌ្ឍនាកា នឹងឡើងយន្ដហោះធ្វើដំណើរទៅជប៉ុនវិញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ